ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ច្បាប់ថ្មីដ៏ចម្រូងចម្រាសរបស់ប្រទេសនេះ អនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រ របស់ខ្លួន ប្រើប្រាស់អាវុធក្នុងដែនទឹក ដែលខ្លួនអះអាងថា “មិនផ្តោតលើប្រទេស ជាក់លាក់ណាមួយនោះទេ” ខណៈដែលសម្តែងក្តីសង្ឃឹម សម្រាប់ការរីកចម្រើនបន្ថែមទៀត នៅក្នុងទំនាក់ទំនង ជាមួយជប៉ុន។
នៅពេលដែលប្រទេសចិន អះអាងថា ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើត គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ការព្រួយបារម្ភកំពុងតែកើនឡើង នៅក្នុងទីក្រុងតូក្យូ ថាច្បាប់នេះនឹងផ្តោតលើ នាវាជប៉ុន ដែលធ្វើដំណើរ ជុំវិញកោះតូចៗ ដែលគ្មានមនុស្សរស់ នៅហៅថាដាយយូ នៅប្រទេសចិន។
នៅក្នុងសន្និសីទកាសែត នៅខាងក្រៅនៃសម័យប្រជុំ ប្រចាំឆ្នាំ នៃសភាប្រជាជនចិនឆ្នាំនេះ លោកវ៉ាង យី បានលើកឡើងថា ច្បាប់ចុងក្រោយគឺ “ស្របតាមច្បាប់ និងការអនុវត្តអន្តរជាតិ” ។
លោកវ៉ាង យី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា“ ប្រទេសចិន និងជប៉ុន តែងតែចូលរួមក្នុងការសន្ទនា និងការប្រាស្រ័យទាក់ទង ដើម្បីបង្កើនការយល់ដឹង និងកសាងទំនុកចិត្ត គ្នាទៅវិញទៅមក”។
នៅពេលសួរអំពីថា តើប្រទេសអាស៊ានទាំងពីរ អាចសហការគ្នា បានយ៉ាងដូចម្តេចលោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន និងជប៉ុន មានហេតុផលដើម្បីគាំទ្រគ្នា ទៅវិញទៅមក សម្រាប់ភាពជោគជ័យ នៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ដែលត្រូវបានដាក់ចេញ រយៈពេលមួយឆ្នាំ ដល់ខែកក្កដា និងព្រឹត្តិការណ៍កីឡារដូវរងា នៅទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២ ។
លោក វ៉ាង បានបន្ដថា ព្រឹត្តិការណ៍កីឡា “នឹងក្លាយជាវេទិកា សម្រាប់មិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ និងផ្តល់នូវឱកាស ដើម្បីជំរុញការអភិវឌ្ឍ នៃទំនាក់ទំនងចិន – ជប៉ុន” ។
ប៉ុន្តែរដ្ឋមន្រ្តីការបរទេសរូបនេះ បានរក្សាភាពស្ងប់ស្ងាត់ អំពីថាតើទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បានត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ច ផ្លូវរដ្ឋ លើកដំបូងរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីលោកបានក្លាយ ជាប្រធានាធិបតី នៅក្នុងឆ្នាំ២០១៣ ។
ការអនុវត្តន៍ច្បាប់ឆ្មាំ ឆ្នេរសមុទ្រ កាលពីខែកុម្ភៈ បានធ្វើឱ្យមានការព្រួយបារម្ភ នៅទីក្រុងតូក្យូ ជុំវិញប្រជុំកោះ ដែលមានជម្លោះ ខណៈពេលដែលនាវាឆ្មាំសមុទ្រចិន បានចូលទៅក្នុងដែនទឹកក្បែរនោះ ម្តងហើយម្តងទៀត។
កាលពីដើមខែនេះ មន្ត្រីរដ្ឋាភិបាលជប៉ុន បានលើកឡើងថា ក្រោមការបកស្រាយច្បាប់ ដែលមានស្រាប់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសនេះ អាចបាញ់លើនាវាផ្លូវការ របស់បរទេស ដើម្បីកំចាត់ភាពព្យាយាម របស់ពួកគេ ប្រសិនបើពួកគេ ចុះចតដោយបង្ខំ នៅលើកោះតូចៗ៕
ដោយ ឈូក បូរ៉ា