រ៉ង់ហ្គូន៖ ប្រជាជនមីយ៉ាន់ម៉ា នៅប្រទេសជប៉ុន បានស្នើសុំឲ្យ រដ្ឋមន្រ្តីការពារជាតិ ជប៉ុន លោក Nobuo Kishi ដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ឱ្យដោះលែងមេដឹកនាំ ស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី និងអ្នកផ្សេងទៀត ដែលខ្លួន កំពុងឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី០១ ខែកុម្ភៈ។
នៅក្នុងឯកសារមួយ ផ្ញើទៅកាន់លោក Kishi អ្នកស្រុកក៏បានស្នើឱ្យ ប្រទេសជប៉ុន ជម្រុញឱ្យកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសមីយ៉ាន់ម៉ា ស្តាររដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ ឡើងវិញផងដែរ។
ពួកគេបានប្រគល់ឯកសារនេះ ទៅមន្រ្តីក្រសួងការពារជាតិ បន្ទាប់ពីប្រជាជនមីយ៉ាន់ម៉ាប្រមាណ ១២០ នាក់ និងអ្នកផ្សេងទៀត បានធ្វើបាតុកម្មប្រឆាំង រដ្ឋប្រហារ នៅមុខក្រសួង នៅទីក្រុងតូក្យូ។
ពួកគេបានចាត់វិធានការ នៅពេលដែលកម្លាំង សន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សជាង ៥០ នាក់ក្នុងគោលបំណង រារាំងការធ្វើបាតុកម្ម និងកូដកម្មប្រចាំថ្ងៃ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ចាប់តាំងពីយោធា បានកាន់កាប់។
អ្នកស្រី Lae Lae Lwin មានអាយុ ៣០ ឆ្នាំជាគិលានុបដ្ឋាយិកាជនជាតិ មីយ៉ាន់ម៉ា ធ្វើការនៅប្រទេសជប៉ុន បានលើកឡើងថា“ យើងភាគច្រើន ជាយុវជនបានប្រមូលផ្តុំគ្នា នៅទីនេះ ដើម្បីបង្កើន សំលេងរបស់យើង” ។
លោកស្រីលើកឡើងថា “យើងដឹងថា ប្រទេសជប៉ុន មានទំនាក់ទំនង ជាមួយយោធាមីយ៉ាន់ម៉ា យើងចង់ឲ្យរដ្ឋាភិបាលជប៉ុន ជំរុញយោធា បញ្ឈប់អំពើហិង្សា និងផ្លាស់ប្តូរ ទិសដៅរបស់ខ្លួន”។
នៅទីក្រុងកូបេ ភាគខាងលិច ប្រទេសជប៉ុន ប្រជាជនមីយ៉ាន់ម៉ា ប្រមាណ ៤០០ នាក់ និងអ្នកផ្សេងទៀត បានធ្វើបាតុកម្មស្រដៀងគ្នានេះ ដោយនិយាយថា ពួកគេនឹងមិនទទួលស្គាល់ របបផ្តាច់ការយោធា នៅក្នុងប្រទេសកំណើត របស់ពួកគេ និងអំពាវនាវឱ្យ មានការដោះលែង លោកស្រី ស៊ូជី និងសមាជិកដទៃទៀត នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី៕
ដោយ ឈូក បូរ៉ា