ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន-អាមេរិក ទំនងជានឹងបើកកិច្ចប្រជុំកំពូល នៅដើមខែមេសា ខាងមុខនេះ

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំការប្រជុំកំពូល រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន នៅដើមខែមេសា។

ខណៈដែលស្ថានភាពជំងឺឆ្លង នៅក្នុងសហរដ្ឋអាមេរិក នឹងក្លាយជាកត្តាសំខាន់ ថាតើកិច្ចប្រជុំកំពូលអាចបន្តទៅមុខទៀតបានឬអត់ប្រសិនបើដឹងថា លោកនាយករដ្ឋមន្រ្តី Suga អាចក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបជាមួយលោក ចូ បៃដិន ដោយផ្ទាល់ក្រោមអធិបតីភាពរបស់លោក។

កិច្ចប្រជុំនេះ នឹងផ្តល់នូវឱកាស សម្រាប់ប្រទេសទាំងពីរ ដើម្បីបង្ហាញសម្ព័ន្ធភាពរបស់ពួកគេ ចំពេលដែលប្រទេសចិន មានឥទ្ធិពលកាន់តែខ្លាំងឡើង នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក រួមទាំងនៅជុំវិញ ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន នៅក្នុងសមុទ្រចិនខាងកើត។

ប្រភពបានឲ្យដឹងថា កិច្ចប្រជុំដែលបានគ្រោងទុក មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយអាចត្រូវបានរុញត្រឡប់ទៅខែឧសភា ឬក្រោយទៀត។ មេដឹកនាំទាំងនេះត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការ រៀបចំអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ជប៉ុន គឺលោក Katsunobu Kato ជាលេខាធិការខុទ្ទកាល័យ បានលើកឡើងថា មិនមានផែនការច្បាស់លាស់សម្រាប់ លោកនាយករដ្ឋមន្រ្តី ទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នោះទេ ប៉ុន្តែការរៀបចំនេះនឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗ នៅពេលដែលស្ថានភាព ជំងឺឆ្លងមានភាពប្រសើរឡើង។

រដ្ឋមន្រ្តីការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin កំពុងរៀបចំធ្វើដំណើរ ទៅប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគី របស់ពួកគេ នេះបើយោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន ដែលជាដំណើរទស្សនកិច្ចលើកដំបូង របស់សមាជិកជាន់ខ្ពស់នៃរដ្ឋបាលក្រោមរដ្ឋបាលលោក ចូ បៃដិន ដែលបានស្បថចូលកាន់ តំណែងកាលពីថ្ងៃទី២០ ខែមករាកន្លងទៅ៕

ដោយ ឈូក បូរ៉ា

To Top