បរទេស៖ ទូរទស្សន៍អូស្ត្រាលីរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់សំដី របស់ការិយាល័យរដ្ឋមន្រ្តីថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Greg Hunt ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានការសង្ស័យថា មានការឆ្លងមេរោគ ដែលមានរយៈពេល២ថ្ងៃ បន្ទាប់ពីលោកបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ AstraZeneca។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យលោក Greg Hunt រួមជាមួយអតីតនាយករដ្ឋមន្រ្តី អូស្ត្រាលី លោកស្រី Julia Gillard និង មន្រ្តីជាន់ខ្ពស់ មន្ទីរសុខាភិបាលលោក Brendan Murphy បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ AstraZeneca ។
មន្រ្តីការិយាល័យនេះ ត្រូវបានដកស្រង់សម្តី នៅក្នុងរបាយការណ៍ថា “ស្ថានភាពរបស់គាត់មិនត្រូវបានគេ ចាត់ទុកថាទាក់ទង នឹងវ៉ាក់សាំងនោះទេ” ។
សូមជម្រាបថា ប្រទេសអូស្រ្តាលី មានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ២៩ ០៦១ នាក់ និងមានមនុស្សស្លាប់ចំនួន ៩០៩ នាក់៕
ប្រែសម្រួលៈ ណៃ តុលា