បរទេស៖ របាយការណ៍មួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គឺជាគោលដៅចម្បង នៃយុទ្ធការព័ត៌មានមិនពិតរបស់រុស្ស៊ី នៅសហភាពអឺរ៉ុប ស្របពេលដែលចំណងមិត្តភាព រវាងទីក្រុងមូស្គូនិងលោកខាងលិច រងការធ្លាក់ចុះថ្មី ជុំវិញការបំពុលនិងដាក់ពន្ធនាគារលោក Alexei Navalny ។
ក្រុមឃ្លាំមើលព័ត៌មាន មិនពិតរបស់សហភាពអឺរ៉ុប ដែលដំណើរការដោយសេវាកម្ម ចំណាត់ការខាងក្រៅរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងរបាយការណ៍ថា ខ្លួនបានចងក្រងឯកសារចំនួន ៧០០ករណី នៃការផ្សាយព័ត៌មានមិនពិត ឬក៏ការផ្សាយបំភាន់ ក្នុងគោលបំណងធ្វើឲ្យ សាយភាយនូវព័ត៌មានមិនពិត ស្តីពីប្រទេសអាល្លឺម៉ង់ ចាប់តាំងពីដាក់ដំណើរការទិន្នន័យតាមដាន នៅក្នុងចុងឆ្នាំ២០១៥។
ក្រុមអ្នកឃ្លាំមើល ដែលបង្កើតឡើង ក្រោយរុស្ស៊ីដាក់តំបន់ គ្រីមាចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ពីប្រទេសអ៊ុយក្រែននោះ បាននិយាយថា ប្រៀបទៅនឹងប្រទេសបារាំងមានជាង ៣០០ករណី អ៊ីតាលីជាង១៧០ករណី និងអេស្ប៉ាញមានជាង ៤០ករណី។
តាមសេចក្តីរាយការណ៍ ក្រុមឃ្លាំមើលព័ត៌មានមិនពិត ដែលមានឈ្មោះថា EUvsDisinfo នេះ បាននិយាយយ៉ាងដូច្នេះថា “ប្រទេសអាល្លឺម៉ង់ ត្រូវបានកំណត់ជាគោលដៅចម្បង សម្រាប់កិច្ចប្រឹងប្រែងផ្សាយព័ត៌មាន មិនពិតរបស់រុស្ស៊ី នៅក្នុងចំណោមប្រទេសសមាជិកអឺរ៉ុបនានា” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
