បរទេស៖ មនុស្ស ៩ នាក់ត្រូវបានបាញ់សម្លាប់ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតី ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានបញ្ជាឱ្យ“ បញ្ចប់” និង“ សម្លាប់” ក្រុមឧទ្ទាមកុម្មុយនិស្ត ដែលបានប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលកណ្តាល ចាប់តាំងពីឆ្នាំ ១៩៦៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌូទ័រតេ បាននិយាយថា ប្រធានាធិបតីហ្វីលីពីន ឌូទ័រតេ បានធ្វើសកម្មភាពដោយស្របច្បាប់នៅពេលដែលលោកបានបញ្ជាឱ្យទីភ្នាក់ងារអនុវត្តច្បាប់សម្លាប់ពួកឧទ្ទាមកុម្មុយនីស្តដែលប្រដាប់ដោយអាវុធ។
លោក Harry Roque បន្តថា បទបញ្ជា “ សម្លាប់ សម្លាប់ និងសម្លាប់” របស់ប្រធានាធិបតីគឺត្រឹមត្រូវតាមច្បាប់ពីព្រោះវាត្រូវបានដឹកនាំទៅលើក្រុមឧទ្ទាមប្រដាប់អាវុធ” ។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ប៉ូលីសហ្វីលីពីនដែលគាំទ្រដោយកម្លាំងយោធា បានសម្លាប់មនុស្សយ៉ាងតិច ៩ នាក់ នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមបះបោរកុម្មុយនិស្ត។ សកម្មភាពរបស់ពួកគេ បានធ្វើឱ្យមានកំហឹង ក្នុងចំណោមក្រុមសិទ្ធិមនុស្ស និង បណ្តាក្រុមអង្គការកាតូលិក ដែលបានថ្កោលទោសការសម្លាប់មនុស្សដែលពួកគេគិតថា អ្នកទាំងនោះជាសកម្មជនឆ្វេងនិយមមិនមែនក្រុមឧទ្ទាម៕
ប្រែសម្រួលៈ ណៃ តុលា