ព័ត៌មានអន្តរជាតិ

មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក និងចិននឹងជួបពិភាក្សាគ្នា ផ្ទាល់ដំបូង ក្រោយការឡើងកាន់តំណែងរបស់ លោក បៃដិន

បរទេស៖សេតវិមានបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជួបគ្នាជាមួយមន្ត្រីជាន់ខ្ពស់ចិននានា នៅថ្ងៃទី១៨ ខែមីនា ក្នុងរដ្ឋអាឡាស្កា ហើយនេះកិច្ចជួបពិភាក្សាជាន់ខ្ពស់ដំបូង រវាងប្រទេសទាំងពីរ ស្ថិតក្រោមរដ្ឋបាលលោក បៃដិន។

ជំនួបដែលប្រារព្ធធ្វើឡើងក្រោយការវិលត្រឡប់របស់លោក Antony Blinken មកពីដំណើរទស្សនកិច្ចនៅបរទេសដំបូងទៅកាន់សម្ពន្ធមិត្តដ៏ចម្បងរបស់អាមេរិក គឺប្រទេសជប៉ុននិងកូរ៉េខាងត្បូងនេះ នឹងធ្វើឡើងស្របពេលអ្វីដែលកំពុងតែបង្កើតជាការជំរុញផ្នែកការទូតដ៏ចម្បងរបស់អាមេរិក ពង្រឹងសម្ពន្ធភាពនៅអាស៊ីនិងអឺរ៉ុប ដើម្បីទប់ទល់នឹងចិន។

លេខាធិការព័ត៌មានសេតវិមាន លោក Jen Psaki បាននិយយាថា ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នឹងចូលរួមជំនួបក្នុងទីក្រុង Anchorage ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន គឺលោក Yang Jiechi និងទីប្រឹក្សារដ្ឋ លោក វ៉ាង យី។

លោក Jen Psaki បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “វាសំខាន់ណាស់ចំពោះយើង ដែលជំនួបដំបូងរបស់រដ្ឋបាលជាមួយមន្ត្រីចិននេះ ត្រូវបានប្រារព្ធធ្វើឡើង នៅលើទឹកដីសហរដ្ឋអាមេរិក និងកើតឡើងក្រោយយើងបានជួបនិងពិភាក្សាគ្នាយ៉ាងជិតស្និទ្ធជាមួយដៃគូនិងសម្ពន្ធមិត្ត ទាំងនៅតំបន់អាស៊ីនិងអឺរ៉ុប”៕ប្រែសម្រួល៖ប៉ាង កុង

To Top