Covid-19

លោក ឌូតឺតេ សម្លឹងបើកសេដ្ឋកិច្ចប្រទេសវិញ ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ

បរទេស៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចគួរតែបើកឡើងវិញឆាប់ៗនេះ ដោយអំពាវនាវឲ្យចាក់ថ្នាំវ៉ាក់សាំង ដល់មនុស្សរាប់លាននាក់ឲ្យបានលឿន ស្របពេលដែលប្រទេសនេះ រាយការណ៍ការកើនឡើង ករណីឆ្លងជម្ងឺកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់រយៈពេលជិត៦ខែ។

សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន គឺស្ថិតនៅក្នុងចំណោមប្រទេស កើនលឿនបំផុតនៅអាស៊ី នៅមុនមានការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ ប៉ុន្តែបម្រាមគោចរដ៏តឹងរឹង និងមានរយៈពេលវែង ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា បានការចំណាយរបស់ អ្នកប្រើប្រាស់ថយចុះ និងធ្វើឲ្យមានមនុស្សរាប់លាននាក់ គ្មានការងារធ្វើ។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅក្នុងពិធីសម្ភោធន៍បើក អាកាសយានដ្ឋាននៅខេត្តមួយ លោក ឌូតឺតេ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំចាំបាច់ត្រូវតែបើកសេដ្ឋកិច្ចឡើងវិញ ហើយខ្ញុំបានផ្តល់ការកំណត់ ពេលត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ គឺសេដ្ឋកិច្ចត្រូវតែបើកវិញ ក្នុងពេលដ៏ខ្លីខាងមុខ”។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានចំនួនករណីឆ្លងជម្ងឺកូវីដ១៩ និងករណីស្លាប់ខ្ពស់បំផុតទីពីរ នៅក្នុងតំបន់អាស៊ីនេះ បានចាប់ផ្តើមកម្មវិធីចាក់ថ្នាំវ៉ាក់សាំងខ្លួន នៅថ្ងៃទី១ ខែមីនា ជាមួយថ្នាំវ៉ាក់សាំង Sinovac ចំនួន៦០០.០០០ដូស ដែលចិនបរិច្ចាគឲ្យ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top