ព័ត៌មានអន្តរជាតិ

នាវាពិឃាត​ អាមេរិក ធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់

បរទេស ៖ នៅពេលថ្មីនេះ នាវាពិឃាតសមត្ថភាព មីស៊ីល សហរដ្ឋអាមេរិក USS John Finn បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។

យោងតាមកងទ័ពជើងទឹកអាមេរិក ការធ្វើដំណើរឆ្លងកាត់របស់នាវាពិឃាតសមត្ថភាពមីស៊ីលនេះ គឺត្រូវបានធ្វើឡើង ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញ នូវការប្តេជ្ញារបស់អាមេរិក ចំពោះសេរីភាពនិងភាព បើកចំហនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

សេចក្តីប្រកាសព័ត៌មាន មួយរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា “យោធារបស់សហរដ្ឋអាមេរិក នឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការនៅទីណា ដែលច្បាប់អន្តរជាតិអនុញ្ញាត”។

គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ មន្ទីរបញ្ចកោណ បានចេញរបាយការណ៍មួយ ឲ្យដល់រដ្ឋសភា ដោយនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានជួបនូវការអះអាងកម្មសិទ្ធិដែនសមុទ្រផ្តាច់មុខខុសៗគ្នាចំនួន២៨ ដោយប្រទេសអ្នកអះអាង ចំនួន១៩ នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង

To Top