ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ច្រានចោលសេចក្តី ថ្លែងការណ៍រួម នៅឯក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការ សហប្រជាជាតិ

គ៊ែរ៖ ប្រទេសអេហ្ស៊ីប បានច្រានចោលកាលពីថ្ងៃសុក្រនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយប្រទេសមួយចំនួននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលរួមមានទាំងការរិះគន់អំពីស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងការបដិសេធជាដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍ ដែលមាន “ការលើកឡើង ដោយគ្មានមូលដ្ឋាន ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវ” ។

ក្រសួងបានសង្កត់ធ្ងន់ ចំពោះការងឿងឆ្ងល់ និងការមិនពេញចិត្តយ៉ាងខ្លាំង ដែលថាអង្គហេតុ និងព័ត៌មានដែលត្រូវបានបញ្ជាក់ច្បាស់ ចំពោះប្រទេសទាំងនេះទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅអេហ្ស៊ីប មិនត្រូវបានគេប្រើប្រាស់នោះ។

ក្រសួងក៏បានសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ទៅលើ“ ការអះអាង ដែលត្រូវបានច្រានចោល” ដោយអំពាវនាវដល់ប្រទេសទាំងនេះ ឱ្យឈប់ធ្វើការចោទប្រកាន់ដែលគ្រាន់តែ“ ឆ្លុះបញ្ចាំងពីនិន្នាការនយោបាយ ដែលគួរឱ្យស្អប់ខ្ពើម ហើយដែលរាប់បញ្ចូលទាំងកេរ្តិ៍ឈ្មោះដោយគ្មានមូលដ្ឋានគ្រឹះ”។

ក្រសួងបានបញ្ជាក់ថា “វាមិនអាចទទួលយកបាននោះទេ ក្នុងការធ្វើសេចក្តីថ្លែងបែបនោះ ដោយមិនគិតពីកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់អេហ្ស៊ីប ក្នុងវិស័យសិទ្ធិមនុស្ស នៅគ្រប់ទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម” ។

តាមរយៈបេសកកម្មរបស់ខ្លួន នៅទីក្រុងហ្សឺណែវគ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយ នៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលនឹងផ្តល់នូវចំណុចខ្វះខាត នៅក្នុងបណ្តាប្រទេស ដែលបានចូលរួមនៅក្នុងសេចក្តីថ្លែងការណ៍រួម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង៕

ដោយ ឈូក បូរ៉ា

To Top