ព័ត៌មានអន្តរជាតិ

WHO មិនលើកទឹកចិត្ដ ចំពោះការហាមឃាត់ ការនាំចេញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នោះឡើយ

ហ្សឺណែវ៖ បន្ទាប់ពីមានរបាយការណ៍អំពីវ៉ាក់សាំងការពារជំងឺកូវីដ – ១៩ ត្រូវបានរឹតត្បិត សម្រាប់ការនាំចេញ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានសម្តែងការមិនពេញចិត្ត ចំពោះការអនុវត្តនេះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Mariangela Simao អគ្គនាយករងអង្គការសុខភាពពិភពលោកទទួលបន្ទុកផ្នែកឱសថ និងផលិតផលសុខភាព បានលើកឡើងថា“ អង្គការសុខភាពពិភពលោក តែងតែព្រួយបារម្ភអំពីការហាមឃាត់ការនាំចេញលើផលិតផល ដែលនឹងជួយបញ្ចប់ដំណាក់កាលស្រួចស្រាវនៃជំងឺរាតត្បាតនេះ” ។  

លោកស្រីបានបន្តទៀតថា“ ដូច្នេះអង្គការសុខភាពពិភពលោក បដិសេធយ៉ាងខ្លាំងចំពោះការប្រើប្រាស់ វិធានការប្រភេទនេះ” ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងក្នុងព្រឹត្តិប័ត្រប្រចាំថ្ងៃរបស់លោកថា“ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដាក់បម្រាមទាំងស្រុងលើការនាំចេញវ៉ាក់សាំង ឬសមាសធាតុវ៉ាក់សាំង ដែលផលិតនៅលើទឹកដីរបស់ខ្លួន”  ប៉ុន្ដែប្រទេសទាំងពីរ បានបដិសេធការចោទប្រកាន់នេះ។

នៅពេលត្រូវបានសួរអំពី ថាតើវ៉ាក់សាំងគួរតែត្រូវបានស្តុកទុក នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រលោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរអង្គការទៅជាអគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានណែនាំប្រឆាំងនឹងការអនុវត្តនេះផងដែរ។

លោកបន្ដថា “ដោយយោងទៅលើគំនិតផ្តួចផ្តើម ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យបាននូវសមធម៌វ៉ាក់សាំងនោះ យើងបានត្រូវជំរុញយ៉ាងខ្លាំងពីខាង COVAX ដើម្បីធានាថាវត្ថុណាមួយ ដែលមកដល់យើងនឹងត្រូវបានប្រើប្រាស់និងដាក់ឱ្យដំណើរការភ្លាមៗ”។

លោកបានបន្ថែមទៀងថា“ នេះគឺជាការពិត ដែលយើងកំពុងព្យាយាមធ្វើឱ្យបានត្រឹមត្រូវនៅទូទាំងការឆ្លើយតបទាំងមូល គឺថាវ៉ាក់សាំងទាំងអស់នៅពេលដែលវាចេញមក និងនៅពេលដែលវាចេញលក់តាមខ្សែផលិតកម្ម ដែលត្រូវបានដាក់ឱ្យដំណើរការភ្លាមៗ”៕

ដោយ ឈូក បូរ៉ា

To Top