សេអ៊ូល៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្ត រឹតត្បិតការនាំចេញ ទំនិញយោធា រួមទាំងឧស្ម័នបង្ហូរទឹកភ្នែក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផ្អាកការផ្លាស់ប្តូរផ្នែក ការពារជាតិទ្វេភាគី និងពិចារណាឡើងវិញ នូវជំនួយអភិវឌ្ឍន៍ ដល់ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ចំពេលមានការបង្ក្រាប ដោយហិង្សាទៅលើ ពលរដ្ឋដែលតវ៉ាប្រឆាំង នឹងធ្វើរដ្ឋប្រហារយោធា។
ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពី មានការអំពាវនាវម្តងហើយម្តងទៀត របស់ក្រុងសេអ៊ូល ឲ្យប្រទេសមីយ៉ាន់ម៉ា បញ្ឈប់ការប្រើប្រាស់ អំពើហឹង្សាប្រឆាំង នឹងប្រជាជនរបស់ខ្លួន និងដើម្បីដោះលែង ទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរយោធា កាលពីខែមុន។
នៅក្រោមការសម្រេចចិត្តចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូង នឹងមិនអនុញ្ញាតឱ្យ មានការនាំចេញទំនិញ ការពារជាតិទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងរឹតបន្តឹងការត្រួតពិនិត្យ លើការដឹកជញ្ជូន ទំនិញ ក្រៅប្រទេស នៃសម្ភារៈយុទ្ធសាស្ត្រផ្សេងទៀត សម្រាប់គោលបំណង ឧស្សាហកម្មឡើយ។
ក្រុមមន្រ្តីបានឲ្យដឹងថា រថយន្ដយោធា ដែលផលិតនៅប្រទេសកូរ៉េខាងត្បូង ត្រូវបាននាំចេញទៅប្រទេសនេះក្នុងឆ្នាំ២០១៨ ហើយក៏មានការនាំចេញឧស្ម័នបង្ហូរទឹកភ្នែកនៅឆ្នាំ២០១៤ និង ២០១៥ ផងដែរ និងលើកចុងក្រោយ ដែលកូរ៉េខាងត្បូង នាំចេញទំនិញយោធា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺនៅខែមករា ឆ្នាំ២០១៩ ។
មន្ត្រីក្រសួងការបរទេសមួយរូប បានលើកឡើងថា“ នៅពេលយើងយកតម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសំខាន់ យើងបានបង្ហាញជំហររបស់យើង តាមរយៈសេចក្តីថ្លែងការណ៍ជាច្រើនដង ហើយឥឡូវនេះ កំពុងឈានចូល ដំណាក់កាលមួយ នៃជំហានជាក់ស្តែង”៕
ដោយ ឈូក បូរ៉ា