ព័ត៌មានអន្តរជាតិ

អាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន ព្រមព្រៀងគ្នាបញ្ជូន ថ្នាំវ៉ាក់សាំង១ពាន់លាន ដូសទៅទូទាំងអាស៊ី នៅចុងឆ្នាំ២០២២

បរទេស៖ មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលីនិងជប៉ុន បានព្រមព្រៀងគ្នាក្នុងការប្រមូលហិរញ្ញប្បទាន ធ្វើការផលិតនិងចែកចាយ បញ្ជូនថ្នាំវ៉ាក់សាំងកូរ៉ូណា១ពាន់លានដូស ទៅទូទាំងអាស៊ី នៅចុងឆ្នាំ២០២២ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌា។ 

តាមសេចក្តីរាយការណ៍ ប្រទេសក្រុមទាំង៤ ចង់ពង្រីកការចាក់ថ្នាំវ៉ាក់សាំងលើពិភពលោក និងទប់ស្កាត់កិច្ចការការទូតនៃការចាក់ថ្នាំវ៉ាក់សាំងចិន ដែលកំពុងតែកើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។ ឥណ្ឌាគឺអ្នកផលិតថ្នាំវ៉ាក់សាំងដ៏ធំបំផុតមួយលើពិភពលោក។ 

ក្រោយជំនួបកំពូលនៃប្រទេសទាំង៤នោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងញូដេឡីយ៉ាងដូច្នេះថា កិច្ចសហការគ្នានោះ គឺជារឿងគួរឲ្យចាប់អារម្មណ៍និងមានតម្លៃបំផុត។ 

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសទាំង៤ បានព្រមព្រៀងគ្នាចំពោះផែនការ ប្រមូលធនធានហិរញ្ញវត្ថុ សមត្ថភាពផលិតកម្មនិងភាពរឹងមាំលើការដឹកជញ្ជូន ដើម្បីបង្កើនល្បឿនផលិតនិងចែកចាយថ្នាំវ៉ាក់សាំងកូវីដ១៩ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top