បរទេស៖ សហរដ្ឋអាមេរិក ហាក់ត្រៀមបន្តវត្តមានកងទ័ពខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសពីកាលកំណត់ថ្ងៃទី០១ ខែឧសភា ដែលបានព្រមព្រៀងគ្នាជាមួយពួកតាលីបង់កាលពីឆ្នាំមិញ ទន្ទឹមនឹងការប្រឹងប្រែងរក្សាកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន ដែលអាចបញ្ចប់សង្គ្រាមដ៏វែងបំផុតរបស់អាមេរិក និងអនុញ្ញាតឲ្យលោកប្រធានាធិបតី ចូ បៃដិន បន្តឆ្ពោះទៅរកគោលដៅ នៃគោលនយោបាយបរទេសមួយ។
សេចក្តីសម្រេចស្តីពីជោគវាសនាកងទ័ពអាមេរិក២.៥០០នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងបន្ទាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលអាមេរិកដើរចូលទៅកាន់តែជិតកាលផុតកំណត់ ដែលរដ្ឋបាលលោក ត្រាំ បានព្រមព្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២០ថា នឹងដកកងទ័ពអាមេរិកក្នុងខែឧសភា ក្រោយកិច្ចចរចាគ្នាជាមួយពួកតាលីបង់។
ស្របពេលដែលរដ្ឋបាលលោក បៃដិន រំឭកថា មិនទាន់មានការសម្រេចចិត្តធ្វើឡើង លើការបន្តវត្តមានទ័ពអាមេរិកនោះ មន្ត្រីនិងអ្នកជំនាញ បានចង្អុលបង្ហាញសញ្ញាមួយចំនួនថា រដ្ឋបាលទំនងជានឹងផ្អាកការដកទ័ពទាំងស្រុង ដើម្បីទុកពេលបន្ថែមពន្លឿនសំណើបែងចែកអំណាច ដែលពួកគេសង្ឍឹមថា អាចបំបែកភាពជាប់គាំងក្នុងកិច្ចពិភាក្សាគ្នា រវាងពួកសកម្មប្រយុទ្ធនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
លោក Laurel Miller ដែលបានបម្រើការជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋបាលលោក អូបាម៉ា និងលោក ត្រាំ បានមានប្រសាសន៍ថា វានឹងជារឿងមិនអាចស្ទង់បាន ចំពោះការដកកងកម្លាំងអាមេរិក ក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់នោះទេ ដោយគ្មានការបង្កអសន្តិសុខនិងបង្កគ្រោះ ដល់ឱកាសសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ដែលអាចឲ្យអាមេរិកដកទ័ពចេញ ដោយគ្មានការភ័យខ្លាចថា អាហ្វហ្គានីស្ថាន នឹងមិនក្លាយជាជម្រកអំពើភេរវកម្មជាថ្មីម្តងទៀត៕
ប្រែសម្រួល៖ប៉ាង កុង