បរទេស៖ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៣ ក្រុម នៅក្រោមបដា Ratsadon បានធ្វើការប្រមូលផ្តុំគ្នាដាច់ដោយឡែកពីគ្នានៅថ្ងៃសៅរ៍ គឺមុនពេលទៅធ្វើការជួបជុំនៅជិតវិមានរដ្ឋាភិបាល ដើម្បីធ្វើការទាមទាររបស់ពួកគេ និងដោយមានគំរោងស្នាក់នៅមួយយប់ផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការដើរក្បួនរបស់ក្រុម Dern Talu Fah v2 (ដើរកាត់មេឃ) មានការចូលរួមពីរណសិរ្សបង្រួបបង្រួម Thammasat and Demonstration និងបាតុកម្មបណ្តាញ New Generation Nonthaburi និង និស្សិតវិជ្ជាជីវៈប្រឆាំងនឹងរបបផ្តាច់ការ។
ពីរក្រុមដំបូង គឺជួបគ្នានៅវិមានប្រជាធិបតេយ្យនៅម៉ោង ២ រសៀល ខណៈក្រុមមួយទៀតជួបជុំគ្នានៅវិមានជ័យជំនះ។ ក្រុម People Go ដែលជាបណ្តាញសកម្មជនដើម្បីសិទ្ធិសហគមន៍ ដីធ្លី និងបរិស្ថាន ក៏បានចូលរួមក្នុងការដើរក្បួននេះដែរ។
គោលដៅរបស់សកម្មជនគឺដើម្បីបង្កើតភូមិ Dern Talu Fah នៅជិតវិមានរដ្ឋាភិបាល ដើម្បីទាមទារឱ្យមានការដោះលែងមិត្តភក្តិរបស់ពួកគេពីការឃុំខ្លួន កែរដ្ឋធម្មនុញ្ញថ្មី និងការលុបចោលនូវច្បាប់បរិហារកេរ្តិ៍ព្រះរាជាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។ ពួកគេក៏បាននិយាយផងដែរថា ពួកគេនឹងបង្កើនការជំរុញឱ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងជាបន្ទាន់ទៀតផង៕
ប្រែសម្រួលៈ ណៃ តុលា