ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស អាមេរិក ហៅកោះតៃវ៉ាន់ ថាជាប្រទេស ល្មើសនឹងបម្រាម អាមេរិកដែលបញ្ចៀស មិនឱ្យចិនខឹង

បរទេស៖ សារព័ត៌មាន Taiwan News បានផ្សាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានប្រើពាក្យថា « ប្រទេស » នៅពេលដែលលោកបាននិយាយអំពីកោះតៃវ៉ាន់ ក្នុងពេលបើកសវនាការសភានៅសប្តាហ៍នេះ ដោយបានបំបែកបម្រាមមុន ៗ ក្នុងចំណោមមន្រ្តីអាមេរិក អំពីការប្រើប្រាស់ពាក្យពេចន៍បែបនោះសំដៅទៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯងដើម្បីចៀសវាងកុំអោយប្រទេសចិនខឹង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភា ស្តាប់អំពីរបៀបវារៈនយោបាយការបរទេសរដ្ឋបាលរបស់ Biden, លោក Antony Blinken បានឆ្លើយតបទៅនឹងអ្នកតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ មកពីរដ្ឋកាលីហ្វ័រញ៉ា Young Kim ដែលបានអំពាវនាវឱ្យ សហរដ្ឋអាមេរិកដាក់បញ្ចូលកោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំកំពូល ប្រជាធិបតេយ្យនាពេលខាងមុខ។

លោក Blinken បាននិយាយថា « ខ្ញុំចែករំលែកទស្សនៈរបស់អ្នកថា តៃវ៉ាន់គឺជាប្រទេសប្រជាធិបតេយ្យដ៏ខ្លាំងក្លា ថាមពលបច្ចេកវិទ្យាខ្លាំង និងជាប្រទេសមួយដែលអាចជួយដល់ពិភពលោក ដែលមិនត្រឹមតែចំពោះប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេ ហើយកូវីដគឺជាឧទាហរណ៍ស្រាប់ដ៏ល្អមួយ»។

សូមជម្រាបថា ក្រសួងការបរទេសអាមេរិក ធ្លាប់មានគោលនយោបាយដែលមិនបានសរសេរ ដើម្បីចៀសវាងការប្រើប្រាស់ពាក្យ “ ប្រទេស” នៅពេលសំដៅទៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះអ្វីដែលហៅថា“ គោលនយោបាយចិនតែមួយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top