ព័ត៌មានអន្តរជាតិ

រថយន្ត របស់ប្រធានាធិបតី អាហ្សង់ទីន ត្រូវក្រុមបាតុករវាយប្រហារ ដោយគប់ដុំថ្មដាក់ និងដាល់ពីខាងក្រៅ

បរទេស៖ ក្រុមអ្នកតវ៉ារាប់សិបនាក់ បានវាយប្រហារលើ រថយន្តធុនតូចមួយគ្រឿង ដែលដឹកប្រធានាធិបតី អាហ្សង់ទីន គឺលោក Alberto Fernández នៅក្នុងតំបន់ Patagonia នៃប្រទេស។ ហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា នៅជុំវិញលោក Fernandez ហើយបានគប់ដុំថ្ម និងដាល់រថយន្តរបស់គាត់ នៅខាងក្រៅមជ្ឈមណ្ឌលសហគមន៍មួយ នៅភាគខាងត្បូងខេត្ត Chubut ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីលោក Alberto Fernández បានធ្វើទស្សនកិច្ចនៅតំបន់មួយដែលត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ ដែលបានសម្លាប់មនុស្សម្នាក់ និងរងរបួសផ្សេងទៀត។

ការតវ៉ានេះគឺប្រឆាំងនឹង ផែនការបន្តការរុករករ៉ែ រណ្តៅនៅខេត្ត Chubut។

កាសែតClarín បានរាយការណ៍ថា ក្រុមបាតុករបានខឹងនឹងសំណើ របស់រដ្ឋាភិបាល ដែលអនុញ្ញាតឱ្យគម្រោងខ្នាតធំ ចាប់ផ្តើមជាថ្មីនៅក្នុងតំបន់ ដែលសំបូរទៅដោយរ៉ែមាស ប្រាក់ និងអ៊ុយរ៉ាញ៉ូម។

រូបភាពនៃការវាយប្រហារបង្ហាញថា មនុស្សបានប្រមូលផ្តុំគ្នានៅច្រកចូលមជ្ឈមណ្ឌលសហគមន៍ ខណៈពេលដែលលោក Fernandez ត្រូវបានដឹកនាំឆ្ពោះទៅរកយានយន្តរបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top