ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងតែងតាំង អ្នករាយការណ៍ពិសេស ទទួលបន្ទុកលើទណ្ឌកម្ម របស់លោកខាងលិច

តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់តុលាការ យុត្តិធម៌អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងតែងតាំងអ្នករាយការណ៍ពិសេស ទាក់ទងនឹងផលប៉ះពាល់ នៃទណ្ឌកម្ម លោកខាងលិច មកលើប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។

លោក Ali Baqeri Kani ប្រធានឧត្តមក្រុមប្រឹក្សា សិទ្ធិមនុស្សអ៊ីរ៉ង់ ត្រូវបានគេដកស្រង់សម្តីថា“ យើងបានសម្រេចចិត្ត តែងតាំងអ្នករាយការណ៍ពិសេស ដើម្បីវាយតម្លៃ ផលប៉ះពាល់ នៃទណ្ឌកម្មអយុត្តិធម៌ ដែលដាក់ដោយ សហរដ្ឋអាមេរិក និងអឺរ៉ុប ទៅលើប្រទេសអ៊ីរ៉ង់” ។

លោក Baqeri Kani បានលើកឡើងថា លទ្ធផលនៃការងារ របស់អ្នករាយការណ៍ នឹងត្រូវបញ្ជូនទៅអាជ្ញាធរ យុត្តិធម៌ និងសិទ្ធិមនុស្សនៅកម្រិត អន្តរជាតិ ថ្នាក់តំបន់ និងថ្នាក់ជាតិ។

លោកបានបន្ដថា“ អ្នករាយការណ៍ ក៏នឹងចាត់វិធានការ ដើម្បីបង្កើតរណសិរ្ស ពិភពលោក ប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស របស់ប្រទេសឯករាជ្យ ដែលជាលទ្ធផល នៃការដាក់ទណ្ឌកម្ម ដោយអយុត្តិធម៌ ដោយសហរដ្ឋអាមេរិក និងបណ្តា ប្រទេសលោកខាងលិច”៕

ដោយ ឈូក បូរ៉ា

To Top