វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មួយរូបបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានចាប់ផ្តើមទាក់ទង ទៅនឹងរដ្ឋាភិបាលកូរ៉េខាងជើង ចាប់ពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយ តបពីក្រុងព្យុងយ៉ាងនៅឡើយទេ។
ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងតាមរយៈបណ្តាញជាច្រើន រួមទាំងបេសកកម្ម របស់ទីក្រុងព្យុងយ៉ាង ទៅកាន់អង្គការសហប្រជាជាតិ គឺមានគោលបំណង កាត់បន្ថយហានិភ័យ នៃការកើនឡើង នៃកម្មវិធីអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង ។
មន្ត្រីរូបនេះ បានបន្ថែមទៀតថា “រហូតមកដល់បច្ចុប្បន្ន យើងមិនបានទទួលការឆ្លើយ តបណាមួយពីទីក្រុងព្យុងយ៉ាង នោះទេ ។ រឿងនេះកើតឡើង ក្នុងរយៈពេលមួយឆ្នាំ ដោយគ្មានការសន្ទនា សកម្មជាមួយកូរ៉េខាងជើង ទោះបីមានការព្យាយាម ជាច្រើនពីសំណាក់ សហរដ្ឋអាមេរិក ដើម្បីចូលរួមក៏ដោយ” ។
រដ្ឋបាលលោក ចូ បៃដិន ទន្ទឹមនឹងនេះ នៅតែបន្តអ្វីដែលគេហៅថា ការពិនិត្យឡើងវិញ យ៉ាងហ្មត់ចត់នូវគោល នយោបាយរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសកូរ៉េខាងជើង ក្នុងការពិគ្រោះយោបល់ជាមួយជប៉ុន និងកូរ៉េខាងត្បូង ។
សេចក្តីរាយការណ៍ឲ្យដឹងថា ការពិនិត្យឡើងវិញនេះ រួមមានការវាយតម្លៃលើ“ គ្រប់ជំរើស ដែលអាចរកបាន ដើម្បីដោះស្រាយការគំរាមកំហែង ដែលកំពុងកើនឡើង ដោយប្រទេសកូរ៉េខាងជើង” ។ មន្ត្រីរូបនោះបានលើកឡើបថា “យើងបានស្តាប់ដោយយកចិត្តទុកដាក់នូវគំនិតរបស់ពួកគេ រួមទាំងតាមរយៈការពិគ្រោះយោបល់ត្រីភាគី” ។
បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់មួយ ដែលត្រូវបានពិភាក្សា នៅពេលដែលសហរដ្ឋអាមេរិក និងប្រមុខការពារជាតិ និង ប្រមុខពារជាតិជប៉ុន ជួបគ្នានៅទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ ៕
ដោយ ឈូក បូរ៉ា