ព័ត៌មានអន្តរជាតិ

រោងចក្រវិនិយោគដោយចិន ជាង៣០ រងការខូចខាត ក្នុងការវាយប្រហារ នៅមីយ៉ានម៉ា

បរទេស៖ ស្ថានទូតចិន ប្រចាំនៅមីយ៉ានម៉ា បាននិយាយប្រាប់កាសែត Global Times នៅថ្ងៃចន្ទនេះថា រោងចក្រវិនិយោគដោយចិន សរុបចំនួន៣២កន្លែង បានរងការបំផ្លាញក្នុងការ វាយប្រហារនៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ានម៉ា ដោយខូចខាត ទ្រព្យសម្បត្តិ ដល់ទៅ៣៦,៨៩លានដុល្លារ។

ស្ថានទូតចិន បាននិយាយបន្តទៀតថា បុគ្គលិកចិនពីររូប បានរងរបួសក្នុងការវាយប្រហារ ទំាងនោះ ប៉ុន្តែពុំមានអ្នកស្លាប់នោះទេ ចំណែក្រសួងការបរទេសចិន បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញស្ថានភាព និងសង្ឃឹមថា ប្រទេសមីយ៉ានម៉ា នឹងចាត់វិធានការ ដើម្បីធានាសុវត្ថិភាព ពលរដ្ឋចិន។

យោងតាម ប្រជាជនចិននៅទីនោះ បានឲ្យដឹងថា ពាណិជ្ជករចិន នៅក្នុងទីក្រុងយ៉ាំងហ្គូន កំពុងតែគ្រោងផ្អាកជំនួញរបស់ពួកគេ និងរួមគ្នាការពារខ្លួនឯង ក្រោយមានការវាយប្រហារដ៏ខ្លាំងក្លាកាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្មានការវាយប្រហារថ្មីកើតមានឡើងនោះទេ ក្រោយច្បាប់អាជ្ញាសឹកត្រូវបានប្រកាសក្នុងក្រុងចំនួនពីរ ជាទីដែលរោងចក្រត្រូវបានបំផ្លាញ់នោះ។

នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃចន្ទនេះ មន្ត្រីនាំពាក្យក្រសួងការបរទេស ចិន លោក Zhao Lijian បានមានប្រសាសន៍ប្រាប់ថា ប្រទេសមីយ៉ានម៉ា បានបញ្ជូនប៉ូលិស និងអ្នកពន្លត់អគ្គិភ័យបន្ថែម ទៅកាន់ទីរងផលប៉ះពាល់ ក្នុងទីក្រុងយ៉ាំងហ្គូន ដើម្បីពង្រឹងសន្តិសុខ៕

To Top