បរទេស៖ ចលនាពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានប្រើប្រាស់ កូនដ្រូនប្រដាប់អាវុធ វាយប្រហារ អាកាសយានដ្ឋានមួយកន្លែង និងមូលដ្ឋានទ័ពអាកាស នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង តែកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និយាយថា ខ្លួនបានបាញ់ទម្លាក់ កូនដ្រូននោះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នេះហាក់ជាព័ត៌មានដំបូង ដែលកូនដ្រូនពួកហូធី វាយប្រហារចូលទៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលជិតមួយសប្ដាហ៍។
មន្ត្រីនាំពាក្យយោធា ពួកហូធី លោក Yahya Sarea បាននិយយាប្រាប់ថា កូនដ្រូនចំនួន៣គ្រឿង ត្រូវបានប្រើវាយប្រហារទៅលើ គោលដៅយោធា នៅអាកាសយានដ្ឋាន Abha និងមូលដ្ឋានទ័ពអាកាស King Khalid ក្នុងទីក្រុង Khamis Mushait ស្ថិតនៅភាគខាងត្បូង ប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកបន្តថា គោលដៅត្រូវបានវាយប្រហារ។
ប៉ុន្តែតាមសេចក្តីរាយការណ៍ នៅពេលភ្លាមៗនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយ ពីអារ៉ាប៊ីសាអូឌីតថា ទីតាំងទាំងនោះរងការ វាយប្រហារនោះទេ ប៉ុន្តែកងកម្លាំងចម្រុះបាននិយាយថា ខ្លួនបានបាញ់ទម្លាក់កូនដ្រូន ពួកហូធី មួយគ្រឿង នៅថ្ងៃចន្ទនេះ ដែលឆ្ពោះទៅកាន់ទីក្រុង Khamis Mushait៕
ប្រែសម្រួល៖ប៉ាង កុង