បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក KATO Katsunobu នៅថ្ងៃចន្ទនេះបាននិយាយថា រដ្ឋាភិបាលជប៉ុន កំពុងតែឃ្លាំមើលរដ្ឋប្រហារ យោធាមីយ៉ានម៉ាថ្មីៗ នេះ ហើយនឹងពិចារណា ពីវិធីឆ្លើយតបចំពោះ ការវិវត្តនានា នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ។

លោក KATO Katsunobu បាននិយាយប្រាប់ អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ដោយបោះជំហានឆ្ពោះទៅមុខ ប្រទេសជប៉ុន នឹងពិចារណាពីវិធីឆ្លើយតប ចំពោះស្ថានភាព នៅក្នុងប្រទេសមីយ៉ានម៉ា តាមលក្ខខណ្ឌ សហប្រតិបត្តិការ និងគោលនយោបាយ សេដ្ឋកិច្ច ដោយកំពុងតែឃ្លាំមើល ដំណើរវិវត្តន៍នានា ក្នុងស្ថានភាព ស្របពេលមានការពិចារណា ធ្វើការឆ្លើយតប ពីប្រទេសនានា ដែលពាក់ព័ន្ធ”។

ការថ្លែងយ៉ាងដូច្នេះ គឺត្រូវបានធ្វើឡើង ក្រោយប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងផ្អាកការដោះដូរ ផ្នែកការពារជាតិ ជាមួយប្រទេសមីយ៉ានម៉ា និងដាក់បម្រាម លើការនាំអាវុធចេញ ទៅកាន់ប្រទេសនេះ បន្ទាប់ពីមានរដ្ឋប្រហារយោធា កាលពីខែមុន និងការបង្ក្រាបដោយហិង្សា លើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aarab News ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញនេះ បាតុករតិចបំផុត៣៨នាក់ និងប៉ូលិសម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសមីយ៉ានម៉ា៕
ប្រែសម្រួល៖ប៉ាង កុង
