បរទេស៖ មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរ តាមដងផ្លូវក្នុងប្រទេសអូស្ត្រាលី ដើម្បីតវ៉ាប្រឆាំងនឹងការយាយីផ្លូវភេទ និងការរំលោភបំពានលើស្ត្រី ដោយអ្នករៀបចំបាតុកម្មនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាអាចជា“ ការបះបោរដ៏ធំបំផុតរបស់ស្ត្រី” ដែលប្រទេសនេះបានឃើញ។ ការតវ៉ាដែលមានឈ្មោះថា “March For Justice” ឬ ដើរក្បួនដើម្បីយុត្តិធម៌” បានកើតឡើងនៅក្នុងទីក្រុងចំនួន ៤០ រួមមានទីក្រុង Brisbane, Melbourne, Perth និង ទីក្រុង Sydney ផងដែរ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅរដ្ឋធានីកង់បេរ៉ា បាតុករដែលកាន់ផ្ទាំងក្រដាសអានថា “គ្រប់គ្រាន់ហើយ” និង“ យុត្តិធម៌” ហើយបានដើរដង្ហែក្បួនទៅកាន់វិមានរដ្ឋសភា ដែលរដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន ស្ថិតនៅ។ មនុស្សជាច្រើនបានចោទប្រកាន់មន្រ្តី នៃការឆ្លើយតបមិនគ្រប់គ្រាន់ និងយឺតយ៉ាវ ចំពោះការចោទប្រកាន់រំលោភផ្លូវភេទ ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាល។
ការអភិវឌ្ឍទៅជាការតវ៉ានេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាល របស់ប្រទេសនេះ បានរងនូវការចោទប្រកាន់ ជាច្រើនពីបទរំលោភផ្លូវភេទ។ រឿងអាស្រូវនេះបានចាប់ផ្តើម នៅពាក់កណ្តាលខែកុម្ភៈ នៅពេលដែលអតីតបុគ្គលិក គណបក្សសេរីនិយមលោកស្រី Brittany Higgins បានអះអាងថា លោកស្រីត្រូវបានមិត្តរួមការងារ ប្រុសម្នាក់ចាប់រំលោភក្នុងឆ្នាំ ២០១៩ នៅក្នុងការិយាល័យរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ Linda Reynolds ៕
ប្រែសម្រួលៈ ណៃ តុលា