Covid-19

WHO កំពុងពិនិត្យឡើងវិញ លើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ខណៈប្រទេសជាច្រើន ផ្អាកចាក់វ៉ាក់សាំងនេះ

ហ្សឺណែវ៖ អង្គការសុខភាពពិភព លោក (WHO) បានឲ្យដឹងថា ខ្លួននៅតែកំពុងធ្វើការត្រួតពិនិត្យ សុវត្ថិភាពរបស់ខ្លួន លើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca / Oxford ខណៈប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ បានចូលរួមជាមួយក្រុមប្រទេស ដែលបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ដោយមានការរាយការណ៍ថា អ្នកទទួលខ្លះ បានបង្កើតកំណកឈាម ហើយបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក អង្គការសុខភាពពិភពលោក បានលើកឡើងថា ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុននេះ “ប្រទេសជាច្រើន បានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាវិធានការបង្ការជាមុន បន្ទាប់ពីមានរបាយការណ៍ អំពីការកកឈាមក្នុងខ្លួនមនុស្ស ដែលបានទទួលវ៉ាក់សាំងពី ២ដូស ដែលជាផលិតនៅអឺរ៉ុប” ។

ទោះយ៉ាងណាលោកបានបន្ថែមថា “នេះមិនចាំបាច់មានន័យថា ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែវាជាទម្លាប់ក្នុងការស៊ើបអង្កេត ហើយវាបង្ហាញថា ប្រព័ន្ធឃ្លាំមើលមានប្រសិទ្ធភាព ហើយការគ្រប់គ្រងមានប្រសិទ្ធិភាព ត្រូវបានអនុវត្ត” ។

លោកបានសង្កត់ធ្ងន់ថា គណៈកម្មាធិការប្រឹក្សាពិភពលោក របស់អង្គការសុខភាពពិភពលោក ស្តីពីសុវត្ថិភាពវ៉ាក់សាំង បាននិងកំពុងពិនិត្យមើលឡើងវិញ នូវទិន្នន័យ ដែលអាចរកបានកំពុងទាក់ទងជិតស្និទ្ធ ជាមួយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ហើយនឹងជួបគ្នានៅថ្ងៃអង្គារនេះ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីព្រឹកថ្ងៃច័ន្ទបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញបានសម្រេចចិត្ត ផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca / Oxford ជាវិធានការបង្ការទុកជាមុន ដោយរង់ចាំការវាយតំលៃដោយ EMA ដែលបានអនុញ្ញាត ឱ្យប្រើប្រាស់នៅសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៩ ខែមករា។

កាលពីមុនប្រទេសអូទ្រីស អ៊ីតាលី ប៊ុលហ្គារី ដាណឺម៉ាក រ៉ូម៉ានី អេស្តូនី លីទុយអានី និងបណ្តាប្រទេស មិនមែនសហភាពអឺរ៉ុប រួមមានន័រវែស និងអ៊ីស្លង់ បានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ទាំងស្រុង ឬដោយផ្នែកខ្លះ។

លោកវេជ្ជបណ្ឌិត Tedros បានបញ្ជាក់ថា“ ការគំរាមកំហែងដ៏ធំបំផុត ដែលបណ្តាប្រទេសភាគច្រើន ប្រឈមមុខនាពេលនេះ គឺកង្វះលទ្ធភាពទទួលបានវ៉ាក់សាំង ពីព្រោះ“ ប្រទេសដែលមានជាងគេ នៅលើពិភពលោកមួយចំនួន កំពុងទិញវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំង ការពារប្រជាជនរបស់ពួកគេ” ខណៈដែលប្រទេសជាច្រើនទៀត មិនមានអ្វីទាំងអស់៕ ដោយ៖ ឈូក បូរ៉ា

To Top