ព័ត៌មានអន្តរជាតិ

អាមេរិក-ជប៉ុន ចេញសេចក្តីថ្លែងការណ៍ ព្រមានចំពោះ អាកប្បកិរិយា ដែលមិនមានស្ថេរភាព របស់ចិន

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសអាមេរិកនិងប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្នុងន័យព្រមាន ទៅដល់រដ្ឋាភិបាលក្រុងប៉េកាំង អំពីអត្តចារិតដែលខ្លួន បានហៅថាមានភាពបង្ខិតបង្ខំ និងមិនស្ថេរភាព។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង នៅបន្ទាប់ពីកិច្ចប្រជុំគ្នា រវាងមន្ត្រីជាន់ខ្ពស់ ផ្នែកការទូតនិងការពារជាតិ នៃប្រទេសទាំងពីរ ជុំវិញបញ្ហាព្រួយបារម្ភ ពីសំណាក់ក្រុម ប្រទេសសម្ព័ន្ធមិត្ត ទៅលើឥទ្ធិពលកាន់តែខ្លាំង ឡើងនៃប្រទេសចិន។

ប្រធានប៉ង់តាហ្គោនលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានគេដឹងថាកំពុងស្ថិតនៅ ក្នុងដំណើរទស្សនកិច្ច ជាលើក ដំបូងរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងគោលបំណងធំ ដើម្បីពង្រឹងទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់ ព្រមទាំងបង្កើតជាសារមួយ ទៅដល់រដ្ឋាភិបាល ក្រុងប៉េកាំងផង ។

គួរឲ្យដឹងទៀតដែរថា ដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់អាមេរិក ទាំងពីររូប នឹងត្រូវបន្តធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង ផងដែរ ដើម្បីអាចពិនិត្យទៅលើ គោលនយោបាយ ណាមួយដែល អាចឈានទៅដល់ការចរចាជាមួយ នឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងសាជាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

To Top