ព័ត៌មានអន្តរជាតិ

ចាប់ពីកូវីដ មកប្រេស៊ីលផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន៤រូបហើយ

បរទេស៖​ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថារដ្ឋមន្ត្រី ក្រសួងសុខាភិបាលថ្មី ត្រូវបានប្រធានាធិបតី នៃប្រទេសប្រេស៊ីល លោក Jair Bolsonaro ប្រកាសជាផ្លូវការ ហើយក៏ត្រូវបានគេដឹងដែរថា គឺជារដ្ឋមន្ត្រីក្រសួងសុខាភិបាលទី៤ ចាប់តាំងតែពីពេល ដែលកូវីដ ចាប់ផ្តើមវាយប្រហារ។

លោក Marcelo Queiroga ដែលត្រូវបានគេស្គាល់ថា ជាដុកទ័រជំនាញខាងបេះដូង ត្រូវបានប្រកាសឲ្យទទួលតំណែង ជារដ្ឋមន្ត្រីថ្មី ជំនួសលោក Eduardo Pazuello ដែល ត្រូវបានគេដឹងថា ជាអតីតមន្ត្រីយោធា ដែលមិនដែលមានបទពិសោធឡើយ ខាងវេជ្ជាសាស្ត្រា។

ការប្រកាសនេះផងដែរ ក៏ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេល ដែលប្រេស៊ីលទើបតែ បានប្រកាសអំពីចំនួន បាត់បង់ជីវិត ដោយសារកូវីដ នៅទូទាំងប្រទេសដែលមាន រហូតទៅដល់ ២៨០ ០០០នាក់។

មកទល់ពេលនេះ ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា គឺជាប្រទេសដែលមានចំនួន អ្នកឆ្លងវិរុសកូវីដ ច្រើនជាងគេបំផុតទី២ លើលោកនិងជាប្រទេស ដែលមានចំនួនអ្នកស្លាប់ ច្រើនជាង គេបំផុតទី២ លើលោកផងដែរ បន្ទាប់ពីអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top