ព័ត៌មានអន្តរជាតិ

អង្គការ WFP ព្រមានពីការឡើងថ្លៃ ចំណីអាហារនិងប្រេងសាំង នៅមីយ៉ានម៉ា ស្របពេលមានការតវ៉ា ប្រឆាំងរដ្ឋប្រហារ

បរទេស៖ អង្គការកម្មវិធីចំណីអាហារ ពិភពលោក នៅថ្ងៃអង្គារនេះ បានព្រមានថា សង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសមីយ៉ានម៉ា នឹងរងផលប៉ះពាល់ ដោយសារតែការឡើងថ្លៃ នៃចំណីអាហារនិងប្រេងសាំង បន្ទាប់ពីរដ្ឋប្រហារ របស់យោធា កាលពីដើមខែមុន។

យោងតាមអង្គការ ដែលជាសាខា របស់អង្គការសហប្រជាជាតិមួយនេះ បានឲ្យដឹងថា តម្លៃរាយនៃប្រេងដូង បានកើនឡើង២០ភាគរយ នៅក្នុងតំបន់ជុំវិញ រដ្ឋធានីយ៉ាំងហ្គូន ស្របពេលដែលតម្លៃអង្ករ នៅទីនោះ និងក្នុងទីជុំវិញទីក្រុង Mandalay បានកើនឡើង៤ភាគរយ ចាប់តាំងពីសប្ដាហ៍ចុងក្រោយនៃខែកុម្ភៈ។

អង្គការនេះក៏បាន និយាយផងដែរថា ខ្លួនក៏បានអង្កេតឃើញ តម្លៃប្រេងឆា កើនឡើង២៧ភាគរយ ពីខែមករាដល់ខែកុម្ភៈ នៅក្នុងទីក្រុង Rakhine និង១៥ភាគរយនៅក្នុងទីក្រុង Maungdaw ស្របពេលដែលប្រេងសាំង នៅទូទាំងប្រទេស បានកើនឡើង១៥ភាគរយ ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ នៅពេលដែលយោធា បានដណ្តើមការគ្រប់គ្រង ពីថ្នាក់ដឹកនាំជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ បង្កឲ្យមានកំហឹង ប្រជាពលរដ្ឋធ្វើការតវ៉ា បើទោះជាមានការបង្ក្រាប ដោយហិង្សា ពីកងកម្លាំងសន្តិសុខក៏ដោយ។

លោក Stephen Anderson ជាប្រធានអង្គការកម្មវិធី ចំណីអាហារពិភពលោក ប្រចាំមីយ៉ានម៉ា បានមានប្រសាសន៍ថា ការកើនឡើងនៃតម្លៃនេះ គឺជារឿងគួរឲ្យព្រួយបារម្ភ ជាពិសេសចំពោះអ្នក ដែលរងផលប៉ះពាល់ ស្រាប់ហើយ ពីអសន្តិសុខចំណីអាហារ ក្នុងប្រទេស៕

ប្រែសម្រួល៖ប៉ាង កុង

To Top