ព័ត៌មានអន្តរជាតិ

រុស្ស៊ី ផ្តល់អំណោយ ជាវ៉ាក់សាំងបង្ការវីរុស កូវីដ១៩ ដល់ប្រទេសវៀតណាម

បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V Covid-19 ដែលរដ្ឋាភិបាល របស់លោកផ្តល់ជូនជាកាដូទៅប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អំណោយនេះត្រូវបានប្រគល់កាលពីថ្ងៃអង្គារក្នុងដំណើរ ទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោក Nikolai Patrushev មកកាន់ទីក្រុងហាណូយ សម្រាប់ការពិគ្រោះ យោបល់ផ្នែកសន្តិសុខ រវាងរុស្ស៊ី – វៀតណាម។

លោក Dang Viet Hung ប្រធាននាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ នៅក្រោមក្រសួងសុខាភិបាលបាននិយាយថា វ៉ាក់សាំងត្រូវបានផ្ទេរទៅកន្លែងស្តុក នៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតដើម្បីរក្សាទុក។ មន្ត្រីក្រសួងដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កញ្ចប់អំណោយនេះមានវ៉ាក់សាំងចំនួន ១ ០០០ ដូស ដែលផលិតដោយ Generium JSC ។

វ៉ាក់សាំងនេះត្រូវបានប្រើជាពីរដងក្នុងរយៈពេលបីសប្តាហ៍ដាច់ពីគ្នាដែលត្រូវរក្សាទុកនៅសីតុណ្ហភាព ១៨ អង្សាសេឬទាបជាងនិងមានអាយុកាលធ្នើ ៦ ខែ។ យោងតាមទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩១,៦ ភាគរយ។

កាលពីខែមុនប្រទេសវៀតណាមបានអនុម័តវ៉ាក់សាំង Sputnik V របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់បន្ទាន់៕ប្រែសម្រួលៈ ណៃ តុលា

To Top