ព័ត៌មានអន្តរជាតិ

ជប៉ុន-អាមេរិក រួមគ្នាសម្ដែង ក្ដីព្រួយបារម្ភ ចំពោះច្បាប់ថ្មីរបស់ចិន ក្នុងជម្លោះប្រជុំ កោះសេនកាគូ

តូក្យូ ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និង សមភាគីសហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងអំពីច្បាប់របស់ចិន ដែលបានចូលជាធរមាន នៅពេលដែលនាវាឆ្មាំឆ្នេរ សមុទ្ររបស់ខ្លួន អាចបាញ់ទៅលើនាវាបរទេសនៅជុំវិញ ប្រជុំកោះសេនកាគូ ដែលទាមទារដោយក្រុងប៉េកាំង នៅសមុទ្រចិនខាងកើត ។

ភាគីទាំងពីរ បានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំសន្តិសុខទ្វេភាគី នៅទីក្រុងតូក្យូ ដើម្បីបង្កើនការធ្វើសមយុទ្ធ និង ពហុភាគី ដើម្បីរក្សាការត្រៀម ខ្លួនប្រតិបត្តិការ របស់សម្ព័ន្ធមិត្ត និងឥរិយាបថរារាំងដើម្បីដោះស្រាយនូវអាកប្បកិរិយាឈ្លានពាន និងការបង្ខិតបង្ខំជាពិសេសរបស់ចិន ជាពិសេសនៅសមុទ្រចិន ខាងកើត និងខាងត្បូង ។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន សម្រាប់កិច្ចពិភាក្សា ដែលគេហៅថា កិច្ចប្រជុំពីរបូកពីរ ដែលជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូង របស់គណៈរដ្ឋមន្រ្តីក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន ដែលបានពិពណ៌នាប្រទេសចិនថា ជាការសាកល្បង ភូមិសាស្ត្រនយោបាយធំបំផុត ក្នុងសតវត្សរ៍ទី ២១នេះ” ។

សម្រាប់ប្រទេសជប៉ុន បានព្យាយាមរកការធានាពីសហរដ្ឋអាមេរិក សម្រាប់ការការពារខ្លួន ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលត្រូវបានបង្កើតឡើង ដោយច្បាប់ឆ្មាំសមុទ្រចិន ដែលត្រូវបានអនុវត្ត កាលពីថ្ងៃទី០១ ខែកុម្ភៈ។

នាវាឆ្មាំឆ្នេរសមុទ្រចិន បានលុកលុយម្តងហើយម្តងទៀត ចូលក្នុងដែនទឹករបស់ជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ ក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីធ្វើឱ្យអន្តរាយដល់ការគ្រប់គ្រងរបស់ទីក្រុងតូក្យូ ។

សេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារបស់ភាគីទាំងពីរ ដែលរួមមានទាំងរដ្ឋមន្រ្តី ការបរទេសជប៉ុន Toshimitsu Motegi និងរដ្ឋមន្រ្តីការពារជាតិ បានឲ្យដឹងថា “រដ្ឋមន្រ្តីបានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង អំពីការវិវត្ត ដែលរំខាននៅក្នុងតំបន់ ដូចជាច្បាប់ឆ្មាំសមុទ្រចិន នេះជាដើម”៕

ដោយ ឈូក បូរ៉ា

To Top