បរទេស៖ មនុស្ស ៨ នាក់ដែលភាគច្រើនជាស្ត្រី ដែលមានដើមកំណើតអាស៊ី ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយ នៅកន្លែងស្ប៉ាមួយកន្លែង នៅរដ្ឋ Georgia សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ប៉ូលីសថា ការបាញ់ប្រហារនេះ បានកើតឡើងនៅកន្លែង រង់ចាំក្នុងហាងម៉ាស្សាមួយ នៅឯទីក្រុង Acworth ជាយក្រុងភាគខាងជើង នៃអាត្លង់តា និងកន្លែងស្ប៉ាចំនួនពីរ នៅក្នុងទីក្រុង។
ក្រោយមកកូរ៉េខាងត្បូង បានបញ្ជាក់ថា ជនរងគ្រោះ ៤ នាក់ជាជនជាតិកូរ៉េ។ ក្រុមមន្រ្តីបាននិយាយថា បុរសអាយុ ២១ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនហើយ ត្រូវបានគេជឿជាក់ថា ជាជនសង្ស័យ នៅក្នុងការវាយប្រហារទាំងអស់។
ទោះយ៉ាងណាឧក្រិដ្ឋកម្ម ស្អប់ប្រឆាំងនឹងជនជាតិអាមេរិក ដើមកំណើតអាស៊ី បានរីករាលដាលនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយវោហារសាស្ត្រ ដែលបានស្តីបន្ទោស ជនជាតិអាមេរិក ដើមកំណើតអាស៊ី ចំពោះការរីករាលដាល នៃមេរោគកូវីដ១៩។
នៅក្នុងសុន្ទរកថាមួយ កាលពីសប្តាហ៍មុន លោកប្រធានាធិបតីចូបៃដិន បានថ្កោលទោសចំពោះ“ ឧក្រិដ្ឋកម្មស្អប់ខ្ពើមដ៏សាហាវ ប្រឆាំងនឹងជនជាតិអាមេរិក ដើមកំណើតអាស៊ី ដែលត្រូវបានគេវាយប្រហារ ធ្វើទុក្ខបុកម្នេញ បន្ទោស និង អ្នកដែលគេធ្វើបាប៕
ប្រែសម្រួលៈ ណៃ តុលា
