បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានចេញនូវការវិវត្តថ្មី នៃច្បាប់ ស្វយតភាពហុងកុង ដោយកំណត់អត្តសញ្ញាណ មន្ត្រីចិនចំនួន២៤រូប ដែលសហរដ្ឋអាមេរិក ចោទពីបទធ្វើឲ្យធ្លាក់ចុះ ស្វយតភាព នៃទីក្រុង ជាអតីតអាណានិគមអង់គ្លេស នៅពេលដែលរដ្ឋសភាចិន អនុម័តច្បាប់ដោយឯកតោភាគី កាលពីសប្ដាហ៍មុន កែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។
រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា ក្រសួងការបរទេសបានដាក់ទណ្ឌកម្ម មន្ត្រីចិននិងមន្ត្រីហុងកុង ចំនួន២៤នាក់ ដោយរួមមាន ទាំងអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាចិន ចំនួន១៤នាក់ ដែលបានធ្វើឲ្យប៉ះពាល់ ដល់ស្វយតភាព សន្យាផ្តល់ជូន ទីក្រុងហុងកុង នៅពេលដែលទីក្រុងនេះ ត្រូវបានប្រគល់ឲ្យ ក្រុងប៉េកាំង គ្រប់គ្រងវិញ នៅក្នុងឆ្នាំ១៩៩៧។
គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែមីនា រដ្ឋសភាចិន បានអនុម័តសេចក្តីសម្រេច ដ៏ចម្រូងចម្រាស់មួយ ក្នុងការកែប្រែប្រព័ន្ធ បោះឆ្នោតរបស់ហុងកុង ដើម្បីធានាថា មានតែបុគ្គលសេ្នហាជាតិ ប៉ុណ្ណោះឡើងកាន់តំណែង ហើយនេះជាចំណាត់ការមួយ ដែលរងការថ្កោលទោសភ្លាមៗ ពីប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្ស ពីបទរារាំងលទ្ធភាពពលរដ្ឋហុងកុង មិនឲ្យបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនផ្ទាល់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បាននិយាយថា “សកម្មភាពនេះធ្វើឲ្យប៉ះពាល់ កាន់តែខ្លាំង ចំពោះកម្រិតស្វយតភាព កម្រិតខ្ពស់ ដែលសន្យាផ្តល់ជូនដល់ ប្រជាជននៅក្នុង ទីក្រុងហុងកុង និងបានរារាំងសម្លេង ពលរដ្ឋហុងកុង ក្នុងការគ្រប់គ្រងខ្លួនឯង ហើយនេះជាទង្វើមួយ ដែលចក្រភពអង់គ្លេស បានប្រកាសថា ជាការបំពានដល់ សហប្រកាសចិននិងអង់គ្លេស”៕
ប្រែសម្រួល៖ប៉ាង កុង