យូអិន ៖ កាលពីថ្ងៃពុធអង្គការ សហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ ចំពោះការសម្រេចចិត្ត របស់អង់គ្លេស ក្នុងការបង្កើនឃ្លាំងអាវុធ នុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ការសម្រេចចិត្ត របស់ចក្រភពអង់គ្លេស គឺផ្ទុយនឹងកាតព្វកិច្ចរបស់ខ្លួនតាមមាត្រាទី ៦ នៃសន្ធិសញ្ញាមិនសាយភាយ នុយក្លេអ៊ែរ (NPT) ។ លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការ សហប្រជាជាតិបានឲ្យដឹងថា វាអាចជះឥទ្ធិពលអាក្រក់ ដល់ស្ថិរភាពពិភពលោក និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តគ្មានអាវុធនុយក្លេអ៊ែរ លើពិភពលោក ។
លោក Dujarric បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា “នៅពេលដែលហានិភ័យអាវុធ នុយក្លេអ៊ែរ ខ្ពស់ជាងអ្វីដែលពួកគេមាន ចាប់តាំងពីសង្គ្រាមត្រជាក់ ការវិនិយោគលើការរំសាយអាវុធ និងការគ្រប់គ្រងអាវុធ គឺជាមធ្យោបាយល្អបំផុត ដើម្បីពង្រឹងស្ថេរភាព និងកាត់បន្ថយគ្រោះថ្នាក់នុយក្លេអ៊ែរ” ។
រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃអង្គារកន្លងទៅនេះបានប្រកាសពីផែនការរបស់ខ្លួន ដើម្បីបង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរ មិនឱ្យលើសពី ២៦០គ្រាប់ដោយបញ្ច្រាសគោល នយោបាយមុនរបស់ខ្លួន ក្នុងការកាត់បន្ថយស្តុកក្បាល គ្រាប់នុយក្លេអ៊ែរ ទាំងមូលរបស់ខ្លួន មិនឲ្យក្បាលគ្រាប់ មានច្រើនជាង ១៨០គ្រាប់ឡើយ នៅពាក់កណ្តាលឆ្នាំ២០២០ ៕
ដោយ ឈូក បូរ៉ា