បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី នឹងមានផែនការរួចទៅហើយ ក្នុងការរៀបចំកិច្ចការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដោយវ៉ាក់សាំងប្រភេទ AstraZeneca ចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Budi Gunadi Sadikin នៅថ្ងៃសុក្រនេះ ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោយ
ពេលដែលវ៉ាក់សាំងការពារកូវីដមួយនេះ បានឆ្លងការនៅគ្រប់ការទាមទារ និងលក្ខខណ្ឌរបស់អជ្ញាធរ ទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យឱសថ និងចំណីអាហាររបស់ប្រទេស។
គួរឲ្យដឹងដែរថា កាលពីថ្ងៃទី៣ ខែមីនា កន្លងមក ប្រទេសឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំង AstraZeneca ប្រមាណជា១,១លានដូសរួចមកហើយ ហើយតាមផែនការខ្លួន នឹងអាចទទួលបានវ៉ាក់សាំងដដែលនេះ ប្រមាណជា ១០លានដូសថែមទៀត នៅចុងខែមេសាខាងមុខ ខណៈដែលបច្ចុប្បន្នឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា គឺពឹងផ្អែកទាំងស្រុង តែទៅលើវ៉ាក់សាំងរបស់ចិន Sinovac មួយប៉ុណ្ណោះនៅឡើយ ។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងកូវីដ សរុបនៅទូទាំងប្រទេស មានទៅដល់ ១,៤៥លាននាក់មកហើយ ខណៈដែលតួលេខស្លាប់ មានប្រមាណជា ៣៩ ០០០ នាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី