ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែក លើបញ្ហាហុងកុង ដែលជាកិច្ចការផ្ទៃក្នុង របស់ចិន

ប៉េកាំង ៖ គណៈប្រតិភូចិន បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រួមទាំងហុងកុងផងដែរ ដែលការជំរុញនេះ កើតឡើងនៅក្នុង កិច្ចពិភាក្សា យុទ្ធសាស្ត្រកម្រិតខ្ពស់ នៅអាឡាស្កា នេះបើយោងតាមកសរចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

គណៈប្រតិភូបានឲ្យដឹងថា ប្រព័ន្ធបោះឆ្នោតនៅក្នុងតំបន់រដ្ឋបាល ពិសេសហុងកុង គឺជាប្រព័ន្ធបោះឆ្នោត ក្នុងស្រុកមួយ នៅក្នុងប្រទេសចិន ហើយរបៀបរចនាអភិវឌ្ឍ និងកែលម្អវា គឺជាកិច្ចការក្នុងស្រុក របស់ប្រទេសចិន ដោយបន្ថែមថា គ្មានរដ្ឋាភិបាលបរទេស អង្គការ ឬបុគ្គលណាមួយមាន សិទ្ធិជ្រៀតជ្រែកនោះឡើយ។

ការកែលម្អប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ត្រូវតែធ្វើតាមគោលការណ៍“ អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង” ដោយជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមច្បាប់អន្ដរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គោរព សេចក្តីសម្រេច របស់សមាជប្រជាជនចិន ស្តីពីការកែលម្អប្រព័ន្ធ បោះឆ្នោតរបស់ហុងកុង និងបញ្ឈប់ការគាំទ្រ ដល់កងកម្លាំងឯករាជ្យហុងកុង។

ប្រភពក៏បានអំពាវនាវឱ្យភាគីអាមេរិក ដកទណ្ឌកម្មខុសច្បាប់ប្រឆាំង នឹងមន្រ្តី និងស្ថាប័នចិន បញ្ឈប់ការព្យាយាមរញ៉េរញ៉ៃលើបញ្ហាហុងកុង ម្តងហើយម្ដងទៀត និងបញ្ឈប់ការជ្រៀតជ្រែកលើការអនុវត្ដន៍ របស់ចិនចំពោះ“ ប្រទេសមួយប្រព័ន្ធពីរ” ។

គណៈប្រតិភូបានឲ្យដឹងទៀតថា ប្រសិនបើសហរដ្ឋអាមេរិក បន្តដើរដោយខ្លួនឯងនោះប្រទេសចិន នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

កិច្ចពិភាក្សារយៈពេល ២ ថ្ងៃបានកត់សម្គាល់នូវទំនាក់ទំនងកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីអាមេរិកលោក ចូ បៃដិន បានជួបជជែកគ្នាតាមទូរស័ព្ទ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន និងការជួបគ្នាលើកដំបូង៕

ដោយ ឈូក បូរ៉ា

To Top