ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលអាមេរិក-ចិន បញ្ចប់ការចរចាដោយគ្មាន របកគំឃើញដ៏សំខាន់ ណាមួយឡើយ

វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលៗ មកពីសហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃសុក្រ បានបង្ហាញសញ្ញាថាគ្មានរបកគំឃើញ ដ៏សំខាន់ណាមួយនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលកំពុងតានតឹងនៅពេល ដែលពួកគេបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅអាឡាស្កានោះឡើយ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មកពីសហរដ្ឋអាមេរិក បានជួបជាមួយអ្នកការទូតកំពូល របស់ប្រទេសចិនលោក Yang Jiechi និងរដ្ឋមន្រ្តីការបរទេសលោក Wang Yi ។ នេះជាការទាក់ទងដោយផ្ទាល់កម្រិតខ្ពស់ លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីប្រធានាធិបតីលោក ចូ បៃដិន ចូលកាន់តំណែងកាលពីខែមករា។

លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា លោកអាចសម្រេចបាននូវ គោលបំណងដើមរបស់លោក សម្រាប់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីការព្រួយបារម្ភដ៏សំខាន់ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមាន អំពីសកម្មភាព និងឥរិយាបទរបស់ចិន និងដើម្បីដាក់ចេញនូវគោលនយោបាយ និងអាទិភាពរបស់សហរដ្ឋអាមេរិក។

លោកបន្ដថា “យើងពិតជាដឹង និងដឹងថា នៅក្នុងនោះមានតំបន់មួយចំនួន ដែលយើងកំពុងមានមូលដ្ឋានគ្រឹះក្នុងនោះ មានការបំពានសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង ប្រឆាំងនឹងជនជាតិភាគតិចអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង ក៏ដូចជាការបង្ក្រាបរបស់ខ្លួនលើហុងកុង និងការអះអាងឆ្ពោះទៅកោះតៃវ៉ាន់”។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែលោកបានកត់សម្គាល់ថា ប្រទេសទាំងពីរមានការសន្ទនាគ្នា ដោយស្មោះត្រង់មួយក្នុងរយៈពេលជាច្រើនម៉ោង ក្នុងការដោះស្រាយរបៀបវារៈ ដែលមានការពង្រីកហើយចំណាប់អារម្មណ៍ របស់ភាគីទាំងពីរមានភាពស្រដៀងគ្នា លើបញ្ហាកូរ៉េខាងជើង និងការប្រែប្រួលអាកាសធាតុ។

ភាគីចិនបានឲ្យដឹងថា កិច្ចពិភាក្សាមានលក្ខណៈស្ថាបនា ប៉ុន្តែថាភាពខុសគ្នាមានរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនេះដែរលោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន បានប្រាប់ភាគីសហរដ្ឋអាមេរិកថា កុំមើលស្រាលការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។

ការផ្លាស់ប្តូររវាងប្រទេសទាំងពីរ កាន់តែក្តៅគគុកនៅពេលដែលលោក Blinken បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលលោក ចូ បៃដិន នឹងមិនបញ្ឈប់ការលើកឡើងនូវបញ្ហា ដូចជាស្ថានភាពសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង និងកោះតៃវ៉ាន់នោះឡើយដោយ ៕

ដោយ ឈូក បូរ៉ា

To Top
×