ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ា ខណៈការបង្ក្រាបដ៏សាហាវទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ នៅតែបន្តកើតមាននៅក្នុង ប្រទេសសមាជិកអាស៊ានមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី បានឲ្យដឹងថា លោកនឹងស្នើទៅលោក Hassanal Bolkiah ថាការប្រជុំមេដឹកនាំត្រូវធ្វើឡើងភ្លាមៗ ដែលបច្ចុប្បន្នប្រទេសប្រ៊ុយណេ ធ្វើជាប្រធានសមាគមអាស៊ាន ដែលមានសមាជិក ១០ប្រទេស។
ដោយសម្តែងការព្រួយបារម្ភ ចំពោះការប្រើប្រាស់កម្លាំងសន្តិសុខ ប្រឆាំងនឹងក្រុមបាតុករលោកប្រធានាធិបតី បានជំរុញឱ្យការប្រើប្រាស់អំពើហឹង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីកុំឲ្យមានជនរងគ្រោះ ស្លាប់និងរបួសបន្ដទៀត” ។
លោកបានជំរុញឱ្យមានការសន្ទនា និងកិច្ចខិតខំប្រឹងប្រែងក្នុងការ ផ្សះផ្សាជាមួយនឹងទស្សនៈ ដើម្បីស្តារប្រជាធិបតេយ្យ សន្តិភាព និងស្ថេរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ការអំពាវនាវរបស់លោក សម្រាប់កិច្ចប្រជុំកំពូលអាស៊ានបន្ទាន់ ត្រូវបានគាំទ្រដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ដែលបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ផងដែរថា “ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះការប្រើប្រាស់អំពើហឹង្សាដ៍សាហាវ ប្រឆាំងនឹងជនស៊ីវិល ដែលគ្មានអាវុធដែលបណ្តាល ឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន ក៏ដូចជាទុក្ខវេទនានៅទូទាំងប្រទេស”។
ខណៈដែលកំពុងស្វែងរកការដោះលែង ជាបន្ទាន់និងដោយគ្មានលក្ខណ ដល់លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំនយោបាយ ដែលត្រូវបានបណ្តេញចេញពីតំណែង និងត្រូវបានឃុំខ្លួនភ្លាមៗ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ។
លោកបានបញ្ជាក់ថា“ យើងនៅក្នុងប្រទេសម៉ាឡេស៊ី និងសហគមន៍អាស៊ានធំៗ មិនអាចមានលទ្ធភាពឃើញប្រទេសមីយ៉ាន់ម៉ា ជាបងប្អូនរបស់យើង ដែលមានអស្ថិរភាពនៅក្នុង កណ្តាប់ដៃរបស់មនុស្សមួយចំនួន ដែលបានជ្រើសរើស ដើម្បីលើកកម្ពស់ផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេនោះឡើយ” ៕
ដោយ ឈូក បូរ៉ា