ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានជំរុញឲ្យប្រទេសជាច្រើនបន្តប្រើប្រាស់វ៉ាក់សាំង Oxford/AstraZeneca ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលគុណសម្បត្តិរបស់ថ្នាំនេះអាចបន្ថយហានិភ័យក្នុងការទប់ស្កាត់ការឆ្លងជំងឺ និងស្លាប់ដោយសារជំងឺឆ្លងរាតត្បាត ។
លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបានឆ្លុះបញ្ចាំងទៅលើវ៉ាក់សាំង AstraZeneca ដោយគណៈកម្មាធិការពិគ្រោះយោបលលើសុវត្ថិភាពវ៉ាក់សាំងពិភពលោកនៃ WHO (GACVS) បានព្រួយបារម្ភទៅលើការកកឈាម និងធ្វើឲ្យសម្ពាធឈាមចុះទាប ក្នុងចំណោមពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំង ហើយ WHO មានទិន្នន័យដែលមិនបានរកឃើញនរណាម្នាក់ដែលបានលើកឡើងអំពីការកើនឡើងជារួមអំពីលក្ខខណ្ឌនៃការកកឈាម បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងឡើយ ។
លោក Tedros បានថ្លែងថា “ជាលទ្ធផល គណៈកម្មាធិការ បានផ្តល់អនុសាសន៍ថា អត្ថប្រយោជន៍របស់វ៉ាក់សាំង AstraZeneca គឺមិនផ្តល់ហានិភ័យខ្លាំងនោះទេ ជាមួយគ្នានេះផ្តល់សក្តានុពលខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងជំងឺ និងការស្លាប់ដោយជំងឺកូវីដ១៩ “។ “យើង ជំរុញដល់ប្រទេសជាច្រើន ដើម្បីបន្តការប្រើប្រាស់វ៉ាក់សាំងសំខាន់នេះ” ។
ប្រធានអង្គការសុខភាពពិភពលោក បានឲ្យដឹងថា បន្ទាប់ពីមានការថយចុះក្នុងរយៈពេល៦សប្តាហ៍ករណីជំងឺកូវីដ១៩ នៅក្នុងខែមករា និងខែកុម្ភៈ បច្ចុប្បន្ននេះ ពិភពលោក បានបន្តចូលដល់បួនសប្តាហ៍ទី៤ហើយ ដែលមានករណីឆ្លងជំងឺកើនឡើង ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានថយចុះ ប៉ុន្តែអត្រានៃអ្នកស្លាប់នៅកម្រិតទាប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា