ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ០១ថ្ងៃប៉ុណ្ណោះ អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មី លើសពី១៧.០០០នាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានឲ្យដឹងកាលពីថ្ងៃសុក្រថា សេចក្តីរាយការណ៍ប្រចាំថ្ងៃអំពីអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើង ដោយគិតត្រឹមថ្ងៃសុក្រ ប្រទេសេនេះបានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន១៧.៤៨២នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។

លោក Lars Schaade អនុប្រធានវិទ្យាស្ថាន RKI បានលើកឡើងថា ការកើនឡើងនៃការឆ្លងជំងឺ គឺ “ប្រាកដណាស់អាចឆ្លុះបញ្ចាំងឲ្យឃើញច្បាស់” ។

អត្រានៃឧប្បត្តិហេតុកូវីដ១៩ចំពោះពលរដ្ឋចំនួន១០០.០០០នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ គិតក្នុងរយៈពេល០៧ថ្ងៃមុន បានកើនឡើងពី៩០នាក់កាលពីថ្ងៃព្រហស្បតិ៍ដល់៩៥នាក់ ។ ការកើនឡើងចំនួនករណីភាគច្រើនបណ្តាលមកពីការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសក្លាយពូជប្រភេទ B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស ។

យោងតាម RKI បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជនអាល្លឺម៉ង់ជាង៣,១៧លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញដែលធ្វើឱ្យអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះកើនឡើងដល់៣,៨ភាគរយ ។

យោងតាម RKI បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការឆ្លងមេរោគបង្កជំងឺកូវីដ១៩មានចំនួន២១លាននាក់ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់៧៤.៣៥៨នាក់គិតត្រឹមថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top