បរទេស៖ កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាការជន្លៀសខ្លួនទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងនៅក្បែរទៅនឹងឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលីបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់គ្នា បានបង្កទៅជាកម្រិតទឹកជំនន់មួយដែលអ្នកជំនាញ បាននិយាយថាអាចគម្រាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋនៅទូទាំងតំបន់។
ប៉ូលីសបាននិយាយថាមកដល់ពេលនេះ ប្រជាជនរាប់រយនាក់មកហើយដែលបានធ្វើការភៀសខ្លួន ទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នមួយចំនួន នៅក្នុងតំបន់ភាគខាងជើងនៃទីក្រុងស៊ីដនីនិងរដ្ឋ New South Wales ជាដើមហើយរំពឹងទុកថានឹងមានមនុស្ស កាន់តែច្រើនបន្ថែមទៀតនឹងផ្លាស់ប្តូរទីលំនៅបណ្តោះអាសន្នដូចគ្នានេះ នៅពេលដែលភ្លៀងធ្លាក់ចាប់ផ្តើមរំកិលពីភាគខាងត្បូងទៅដល់ឆ្នេរ។
គួរឲ្យដឹងដែរថាការិយាល័យ ទទួលបន្ទុកកិច្ចការងារឧតុនិយមបានរាយការណ៍ថាកម្រិតទឹកជំនន់ មានកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទឹកជំនន់ចាប់តាំងតែពីឆ្នាំ ២០១៣ នៅតាមដងទន្លេ Hastings នៅក្បែរទៅនឹងផែ Port Macquarie ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រខាងជើងទីក្រុងស៊ីដនី។
នៅតាមតំបន់មួយចំនួនគេបានដឹងថា ទឹកជំនន់បានចាប់ផ្តើមវាយលុយយ៉ាងខ្លាំងក្លារួចទៅហើយ ហើយក្នុងនោះសេវាកម្មសង្គ្រោះបន្ទាន់បានទទួល ការហៅតាមទូរស័ព្ទចំនួនជាង៥០០លើកមកហើយ សម្រាប់ស្នើសុំជំនួយបន្ទាន់និងក៏បានសម្រេចបានបេសកកម្ម សរុបចំនួន១៨០ផងដែរត្រឹមរយៈពេល១យប់នៅក្នុងតំបន់ ភាគខាងជើងនៃតំបន់ដែលត្រូវបានគេដឹងថានឹងទទួល រងផលប៉ះពាល់ខ្លាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី