អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកសេវាកម្មសុខាភិបាលរបស់ប្រទេសហ្គាណា ចំនួន០៣នាក់ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានលួចយកវ៉ាក់សាំងកូវីដ១៩ ។
ប៉ូលិសប្រចាំតំបន់ Accra បានចាប់ខ្លួន លោក Stephen Dzisenu មន្ត្រីការិយាល័យត្រួតពិនិត្យជំងឺមួយរូប លោក Cosmos Allotey ជំនាញសុខភាពមួយរូប និងមន្ត្រីការិយាល័យសុវត្ថិភាព និងលោក Joseph Knight Gaissie ជំនួយការមន្ទីរពិសោធន៍ម្នាក់ ដោយសង្ស័យថា បានលួចថ្នាំវ៉ាក់សាំង Covishield ចំនួន៣៦ដប ។
ប៉ូលិសបាននិយាយថា “លោក Dzisenu ត្រូវបានសង្ស័យថា បានលួចវ៉ាក់សាំង និងបាននាំវ៉ាក់សាំងទាំងនោះទៅឲ្យ Allotey ដែលជាអ្នកចាក់ថ្នាំដល់អតិថិជនជាច្រើននាក់ ដែលគិតក្នុងតម្លៃ២០០ Ghana cedis ស្មើនឹង ៣៤,៩ដុល្លារអាមេរិកសម្រាប់ការចាក់ក្នុងម្នាក់ ។ លោក Gaisie ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលជួយដល់ករណីលួចថ្នាំនេះ” ។
ប៉ូលិសបាននិយាយថា “លើសពីនេះ លោក Lord Pabitey បុគ្គលិកម្នាក់ទៀត ជាមន្ត្រីការិយាល័យត្រួតពិនិត្យជំងឺ ឥឡូវនេះ ត្រូវបានចោទប្រកាន់ធ្ងន់ធ្ងរ ដោយសារបានលួចវ៉ាក់សាំងដូចគ្នាចំនួន២៦ដបពីកន្លែងរក្សាថ្នាំវ៉ាក់សាំង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា