ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិជប៉ុន និងអាមេរិក បញ្ជាក់ពីសហប្រតិបត្តិការ លើតៃវ៉ាន់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នាក្នុងកិច្ចប្រជុំ កាលពីសប្ដាហ៍មុន ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងករណីមានជម្លោះយោធា រវាងប្រទេសចិននិងកោះតៃវ៉ាន់។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើងនូវបញ្ហានោះ នៅពេលលោកបានជួបគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi កាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានការពិភាក្សាគ្នាពីវិធីជាក់លាក់ ដែលប្រទេសទាំងពីរគួរតែ សហការគ្នាឆ្លើយតប ចំពោះហេតុការណ៍កើតឡើងបែបនោះៗទេ។

កាសែតជប៉ុន ក្យូដូ បាននិយាយថា ជាប្រវត្តិសាស្ត្រ ប្រទេសជប៉ុនបានបដិសេធ មិនធ្វើសេចក្តីអត្ថាធិប្បាយ ស្តីពីស្ថានភាពបន្ទាន់ធំៗនៅកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងប្រទេសចិន ហើយគោលជំហរនេះ នៅតែមានដើម្បីជំរុញឲ្យមានកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយសន្តិភាព ចំពោះភាពតានតឹង។

គួរបញ្ជាក់ថា លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបសមភាគីជប៉ុន នៅក្នុងទីក្រុងតូក្យូ កាលពីសប្ដាហ៍មុន ហើយនោះជាដំណើរទស្សនកិច្ចដំបូង ធ្វើឡើងដោយសមាជិកជាន់ខ្ពស់ របស់គណៈរដ្ឋមន្ត្រីនៃលោកប្រធានាធិបតី ចូ បៃដិន៕

ប្រែសម្រួល៖ ប៉ាង កុង

To Top