ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា ទូកនេសាទចិនប្រហែល ២២០ គ្រឿងបានប្រមូលផ្តុំគ្នានៅជុំវិញ ថ្មប៉ប្រះទឹកមួយកន្លែង នៅកោះ Spratly ដែលជាកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង កាលពីដើមខែមីនា ដោយអះអាងថាពួកគេស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
រដ្ឋាភិបាលហ្វីលីពីន ដាក់ការសង្ស័យថា ទូកទាំងនោះត្រូវបានកេណ្ឌដោយកងជីវពលសមុទ្រចិន។ កោះទាំងនោះត្រូវបានទាមទារដោយប្រទេសចិន និងហ្វីលីពីន ក្នុងចំណោមប្រទេសដទៃទៀត នៅតំបន់សមុទ្រចិនខាងត្បូង។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ទូកនេសាទទាំងនោះត្រូវបានគេប្រទះឃើញនៅក្នុងទឹកនៅជុំវិញកោះថ្មប៉ប្រះទឹក ចម្ងាយប្រហែល ១៧៥ ម៉ាយល៍នៃភាគខាងលិចតំបន់ Bataraza នៅលើកោះ Palawan ភាគខាងលិចប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែមីនា។
រដ្ឋាភិបាលបានឲ្យដឹងថា ទូកទាំងនេះមិនចូលរួមក្នុងការនេសាទទេ ទោះបីអាកាសធាតុល្អហើយពួកគេបានរក្សាភ្លើងនៅពេលយប់ថែមទៀត។ អាកប្បកិរិយានេះអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងអះអាងអំពីការទាមទារទឹកដី។
រដ្ឋមន្រ្តីការពារជាតិលោក Delfin Lorenzana បានសម្តែងការព្រួយបារម្ភ ចំពោះវត្តមានរបស់ទូកទាំងនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យចិន បញ្ឈប់ការរំលោភចូលដែនអធិបតេយ្យរបស់ហ្វីលីពីន និងដកចេញជាបន្ទាន់ ដែលលោកបានអះអាងថា កំពុងរំលោភលើសិទ្ធិដែនសមុទ្ររបស់ខ្លួន៕
ដោយ ឈូក បូរ៉ា