ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស នឹងបើកកិច្ចចរចាគ្នាតាមទូរស័ព្ទ ជាមួយនឹងមេដឹកនាំអ៊ឺរ៉ុបម្តងម្នាក់ៗ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវបានគេរំពឹងទុកថា នឹងបើកកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយនឹងមេដឹកនាំអ៊ឺរ៉ុបទាំងអស់ម្តងមួយៗ នៅសប្តាហ៍នេះ ទៅលើបញ្ហាជាប់គាំងនៃ
ការផ្គត់ផ្គង់វ៉ាក់សាំងនៅពេលថ្មីៗនេះ។

តាមផែនការមេដឹកនាំអ៊ឺរ៉ុបទាំងអស់ នឹងបើកកិច្ចប្រជុំតាមវិដេអូខលមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាបន្ថែម ក្នុងការដាក់បម្រាម ទៅលើការនាំចេញវ៉ាក់សាំង AstraZeneca ទៅឲ្យប្រទេសអង់គ្លេសដូចនេះ លោកនាយករដ្ឋមន្ត្រី Johnson នឹងបើកកិច្ច
ពិភាក្សាជាមួយ នឹងមេដឹកនាំទាំងនោះម្តងម្នាក់ៗ ដើម្បីដោះស្រាយបញ្ហានេះជាមួយគ្នា។

រដ្ឋាភិបាលអង់គ្លេស ធ្លាប់បានប្រកាសកន្លងមកហើយថា ប្រធាននៃគណៈកម្មការសហភាពអ៊ឺរ៉ុប លោក Ursula von der Leyen បានបង្ហាញ ការប្តេជ្ញាចិត្តរបស់លោករួចមកហើយ ទៅកាន់នាយករដ្ឋមន្ត្រីលោក Johnson ថា EU នឹងមិនដាក់បម្រាមរឹតត្បិត
ក្នុងការនាំចេញវ៉ាក់សាំង ទៅឲ្យអង់គ្លេសនោះឡើយ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារសង្គម និងសុខាភិបាលរបស់អង់គ្លេស Helen Whatley ក៏បានធ្វើការអំពាវនាវផងដែរទៅ EU ក្នុងការរក្សាជំហរបស់ខ្លួន ហើយព្រមានទៅនឹងអ្វី ដែលលោកស្រីហៅវាថា ជាការប្រកាន់ជាតិសាសនិយម និងការពារនិយមចំពោះបញ្ហាវ៉ាក់សាំង
ការពារកូវីដ៕

ប្រែសម្រួល៖ស៊ុនលី

To Top