ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើទស្សនកិច្ចប្រទេសចិន ជាមួយសំណើ ឲ្យបន្ថយប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្ស៊ី លោក Sergei Lavrov បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃចន្ទនេះ ជាមួយសំណើឲ្យទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាត់បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធបង់ប្រាក់លោកខាងលិច ដើម្បីច្រានត្រឡប់ទៅវិញ ប្រឆាំងនឹងអ្វីដែលលោកហៅថា ជារបៀបវារៈមនោគមវិជ្ជាលោកខាងលិច។

លោក Sergei Lavrov ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសចិន ស្របពេលដែលចំណងមិត្តភាព របស់ប្រទេសទាំងពីរ ជាមួយរដ្ឋបាល របស់លោកប្រធានាធិបតីអាមរិក ចូ បៃដិន ជាប់គាំងខ្លាំង។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន នៅមុនពេលការចាប់ផ្តើម ដំណើរទស្សនកិច្ចនេះ លោក Sergei Lavrov បានមានប្រសាសន៍ថា ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ត្រូវបានបង្ខំឲ្យអភិវឌ្ឍដោយឯករាជ្យ ចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីរារាំងនូវអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ធ្វើការទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា របស់ប្រទេសទាំងពីរ។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងយ៉ាងដូច្នេះថា “យើងចាំបាច់ ត្រូវតែកាត់បន្ថយហានិភ័យទណ្ឌកម្ម តាមរយៈការជំរុញបង្កើនភាពឯករាជ្យ នៃបច្ចេកវិទ្យារបស់យើង ប្តូរទៅទូទាត់ក្នុងរូបិយប័ណ្ណជាតិរបស់យើង និងរូបិយប័ណ្ណសកល ដែលប្រើប្រាស់ជំនួសប្រាក់ដុល្លារ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top