វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានលើកឡើងថា សហរដ្ឋអាមេរិក នឹងចូលរួម ជាមួយចិន និងរុស្ស៊ី ឆ្ពោះទៅរកការសម្រេច នៃការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមកសរចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
លោកបានឲ្យដឹងថា “យើង ចង់ធ្វើឱ្យប្រាកដថា យើងកំពុងរួបរួមជាមួយសម្ព័ន្ធមិត្ត របស់យើង ជប៉ុន និងកូរ៉េខាងត្បូង និងចូលរួមជា មួយតួអង្គក្នុងតំបន់ផ្សេងទៀត រួមទាំងចិន និងរុស្ស៊ី នៅក្នុងដំណើរការ ដែលបង្ហាញថា ទីបំផុត គឺអាស្រ័យលើកូរ៉េខាងជើង ឆ្ពោះទៅមុខ និងធ្វើក្នុងលក្ខណៈស្ថាបនាមួយ” ។
រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានព្យាយាមទាក់ទងប្រទេសកូរ៉េខាងជើងប៉ុន្តែមិនទាន់មានការឆ្លើយតបដោយផ្ទាល់ពីប្រទេសនេះ តាមរយៈបណ្តាញការទូត នៅឡើយទេ។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើការចូលរួមបែបនេះ ជាមួយទីក្រុងប៉េកាំង ដែលជាអ្នកគាំទ្រការទូត របស់កូរ៉េខាងជើង នឹងកើតឡើងនៅពេលណាឆាប់ៗនេះ ចំពេលមានការប្រកួតប្រជែងគ្នា និងការប្រឈមមុខដាក់គ្នា រវាងសហរដ្ឋអាមេរិកនិងចិន ជុំវិញបញ្ហារួមមានពាណិជ្ជកម្ម បច្ចេកវិទ្យា និងសិទ្ធិមនុស្ស យ៉ាងនោះទេ ។
លោក Sullivan បានអះអាងថា “ក្នុងពេលនេះសហរដ្ឋអាមេរិក នឹងបន្តឈរយ៉ាងរឹងមាំក្នុងនាមការពារជាតិរបស់យើង និងការការពារសម្ព័ន្ធ មិត្តនិងដៃគូរបស់យើង” ។
អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំណែងមុន របស់លោក បៃដិន បានចូលរួមក្នុងកិច្ចពិភាក្សាការទូតកំពូល ដែលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយបើកកិច្ចប្រជុំចំនួន ៣លើកនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងគោលបំណងបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាង ឱ្យបោះបង់ចោលការស្វែង រកអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទោះយ៉ាងណាការចរចា មានការរីកចម្រើនតិចតួច ក្នុងរយៈពេល ៤ ឆ្នាំរបស់លោក ត្រាំ នៅក្នុងសេតវិមាន ដែលបានបញ្ចប់នៅថ្ងៃទី២០ ខែមករាឆ្នាំនេះ ដោយប្រទេសទាំងពីរមិនចុះសម្រុងគ្នា លើបញ្ហាមួយចំនួន ដូចជាកម្រិតនៃការបន្ធូរបន្ថយ ទណ្ឌកម្ម ដែលក្រុងព្យុងយ៉ាង គួរតែទទួលបានសម្រាប់ចាត់វិធានការ រំសាយនុយក្លេអ៊ែរ ៕
ដោយ ឈូក បូរ៉ា