ព័ត៌មានអន្តរជាតិ

លោក បៃដិន ថ្កោលទោសការបាញ់ ប្រហារនៅរដ្ឋខូឡូរ៉ាដូ និងជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ កែទម្រង់កាំភ្លើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកមានការឈឺចិត្តយ៉ាងខ្លាំង ដោយការបាញ់ប្រហារមួយថ្ងៃមុន នៅហាងលក់គ្រឿងទេសមួយក្នុងទីក្រុង Boulder រដ្ឋខូឡូរ៉ាដូ ដែលបានសម្លាប់មនុស្ស ១០ នាក់ដោយជំរុញឱ្យព្រឹទ្ធសភា អនុម័តច្បាប់ភ្លាមៗលើកំណែទម្រង់កាំភ្លើង ដែលត្រូវបានអនុម័តដោយសភា។

សេតវិមានបានឲ្យដឹងនៅក្នុង សុន្ទរកថាពីសេតវិមានថា“ ជីវិតមនុស្ស ១០ នាក់ត្រូវបានបាត់បង់ហើយគ្រួសារជាច្រើនទៀតត្រូវបានខ្ទេចខ្ទី ដោយអំពើហិង្សាដោយកាំភ្លើង នៅក្នុងរដ្ឋខូឡូរ៉ាដូ ហើយជំទាវទី១ និងខ្ញុំមានអារម្មណ៍តក់ស្លុតជាខ្លាំង ខ្ញុំមិនអាចស្រម៉ៃថា គ្រួសារមានអារម្មណ៍បែបណានោះទេ” ។

នៅរសៀលថ្ងៃច័ន្ទអ្នកបាញ់ប្រហារម្នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ នៅថ្ងៃអង្គារថា លោក Ahmad Al Aliwi Alissa អាយុ ២១ ឆ្នាំបានបើកការបាញ់ប្រហារ នៅហាងលក់គ្រឿងទេស King Soopers ក្នុងទីក្រុង Boulder រដ្ឋខូឡូរ៉ាដូ ដោយបានសម្លាប់មនុស្ស ១០នាក់ ក្នុងនោះមានប៉ូលីសម្នាក់ ដែលជាមនុស្សដំបូងគេ ដែលឆ្លើយតបនឹងស្ថានការណ៍នេះ។

ការសម្លាប់រង្គាលបានកើតឡើង តិចជាងមួយសប្តាហ៍បន្ទាប់ពីមនុស្ស ៨ នាក់ដែលភាគច្រើនជាស្ត្រីអាស៊ី ត្រូវបានសម្លាប់នៅក្នុងការ បាញ់ប្រហារមួយនៅតំបន់អាត្លង់តា ក្នុងរដ្ឋចចជៀ។

ក្រៅពីបុរសឈ្មោះ Eric Talley អាយុ ៥១ ឆ្នាំជាមន្រ្តីប៉ូលីស ដែលបានស្លាប់អត្តសញ្ញាណ នៃជនរងគ្រោះ ៩ នាក់ដែលនៅសេសសល់ ក៏ត្រូវបានប៉ូលីសបង្ហាញនៅព្រឹក ថ្ងៃអង្គារម្សិលមិញនេះផងដែរ។

លោកប្រធានាធិបតី បានទទូចដល់ព្រឹទ្ធសភាឱ្យ អនុម័តច្បាប់កាំភ្លើងចំនួន ២ ច្បាប់ជាបន្ទាន់ ដែលត្រូវបានអនុម័តដោយសភា។ មុនពេលសុន្ទរកថានោះលោក បៃដិន បានលើកឡើងថា“ ខ្ញុំមិនចាំបាច់រង់ចាំមួយនាទីទៀតទេ ទុកមួយម៉ោងដើម្បីចាត់វិធានការរួម ដែលនឹងជួយសង្គ្រោះជីវិត មនុស្សនាពេលអនាគត” ៕

ដោយ ឈូក បូរ៉ា

To Top