ព័ត៌មានអន្តរជាតិ

តួកគី ឃុំខ្លួនមនុស្សជាង ២០០នាក់ទៀត ដែលជាប់ពាក់ព័ន្ធ នឹងរដ្ឋប្រហារ បរាជ័យក្នុង២០១៦

អង់ការ៉ា ៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា កម្លាំងសន្តិសុខតួកគី កាលពីថ្ងៃអង្គារ បានឃុំខ្លួនមនុស្ស ២០៣ នាក់ ដែលភាគច្រើន ជាទាហាននៅទូទាំងប្រទេសជុំវិញ ការចោទប្រកាន់របស់ពួកគេ ទាក់ទងនឹងបណ្តាញ ដែលគេជឿថា ស្ថិតនៅពីក្រោយការប៉ុនប៉ង ធ្វើរដ្ឋប្រហារ មួយកាលពីឆ្នាំ២០១៦ ។

លោក Anadolu បានឲ្យដឹងថា រដ្ឋអាជ្ញានៃខេត្ត Izmir ភាគខាងលិចប្រទេស បានចេញដីកាឃុំខ្លួនជនសង្ស័យចំនួន ១៨៤ នាក់ដែលក្នុងនោះមាន ១២៣ នាក់ជាទាហានសកម្មរួមមាន៖ វរសេនីយឯក អនុសេនីយ៍ឯក មេបញ្ជាការកងពល និងពលទាហានជំនាញ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ប្រតិបត្ដិការផ្សេងទៀត ជាច្រើនត្រូវបានធ្វើឡើងលើដីកាចាប់ខ្លួន ដែលចេញដោយ រដ្ឋអាជ្ញានៅរដ្ឋធានីអង់ការ៉ា ។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទទាក់ទងតាមរយៈទូរស័ព្ទដៃជាមួយសមាជិកនៃចលនា Gulen ដែលរដ្ឋាភិបាលតួកគី ចោទប្រកាន់ថាបានជ្រៀតចូលក្នុងកិច្ចការរដ្ឋ និងប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០១៦ ។

រដ្ឋាភិបាលតួកគី ស្តីបន្ទោសបព្វជិតតួកគី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen និងបណ្តាញរបស់លោក ចំពោះការធ្វើជាមេក្លោងនៃការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ដែលក្នុងនោះមនុស្ស ២៥០ នាក់ត្រូវបានសម្លាប់។ ចាប់តាំងពីពេលនោះមកតួកគី បានតាមប្រមាញ់សមាជិកអង្គការ ដែលសង្ស័យ តាមរយៈប្រតិបត្តិការទូទាំងប្រទេស៕ដោយ ឈូក បូរ៉ា

To Top