ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា ការឈ្លានពានរបស់ចិន លើតៃវ៉ាន់ នឹងបន្ដកើនឡើង ដោយជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការជាមួយជប៉ុន

វ៉ាស៊ីនតោន ៖ លោក John Aquilino ដែលត្រូវបានតែងតាំង ជាមេដឹកនាំគណៈបញ្ជាការ សហរដ្ឋអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក បានព្រមាន នៅថ្ងៃអង្គារម្សិលមិញនេះថា ការគំរាមកំហែង នៃការឈ្លានពានរបស់ចិន ចំពោះកោះតៃវ៉ាន់ អាចនឹងកើតមានច្រើនជាងការរំពឹងទុក ខណៈដែលសង្កត់ធ្ងន់ លើសារៈសំខាន់នៃសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក – ជប៉ុន នៅក្នុងសន្តិសុខតំបន់។

មេបញ្ជាការបច្ចុប្បន្ន នៃកងនាវាចរប៉ាស៊ីហ្វិក អាមេរិកបានប្រាប់គណៈកម្មាធិការព្រឹទ្ធសភា ស្តីពីសេវាកម្មប្រដាប់អាវុធ ដោយមិនបានបញ្ជាក់ច្បាស់ថា តើនៅពេលណា ដែលលោកគិតថាយោធាចិន អាចនឹងមានសមត្ថភាពឈ្លានពាន តៃវ៉ាន់នោះ។

កាលពីដើមខែនេះលោក Adm Philip Davidson ដែលជាមេបញ្ជាការ ដែលចាកចេញពីតំណែង បញ្ជាការនៃ Indo-Pacific Command របស់សហរដ្ឋអាមេរិក បានអះអាង អំពីលទ្ធភាព នៃការផ្លាស់ប្តូរបែបនេះ ដែលកើតឡើង ក្នុងរយៈពេល ៦ ឆ្នាំ ខាងមុខក្នុងអំឡុង ពេលបើកសវនការ នៅគណៈកម្មាធិការតែមួយ ។

លោក Aquilino បានបដិសេធមិនថ្លឹងថ្លែង ចំពោះការវាយតម្លៃរបស់ លោក ដាវីដ សាន់ ដោយលើកឡើងថា មានចំនួនច្រើននៅទីនោះ ហើយការប៉ាន់ស្មានមានចាប់ពីថ្ងៃនេះ ដល់ឆ្នាំ ២០៤៥ ប៉ុន្តែលោកបានកត់សម្គាល់ថា “ ការព្រួយបារម្ភដ៏គ្រោះថ្នាក់បំផុត គឺកម្លាំងយោធាប្រឆាំង នឹងកោះតៃវ៉ាន់” ។

កោះតៃវ៉ាន់ និងចិនដីគោក ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបំបែកជាលទ្ធផល នៃសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ ។ ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ជាខេត្តរបស់ខ្លួនចាប់ តាំងពីពេលនោះមកបានព្យាយាមនាំកោះ នេះចូលទឹកដីរបស់ខ្លួនវិញ។

តាមរយៈទំនាក់ទំនងក្រៅផ្លូវការ ជាមួយតៃប៉ិសហរដ្ឋអាមេរិក បានបន្តជួយកោះប្រជាធិបតេយ្យមួយនេះ ក្នុងការរក្សានូវសមត្ថភាព ការពារខ្លួនគ្រប់គ្រាន់ ប្រឆាំងនឹងការឈ្លានពានរបស់ចិន ។

នៅពេលសួរថាតើប្រទេសជប៉ុន កំពុងធ្វើបានគ្រប់គ្រាន់ ដើម្បីត្រៀមសម្រាប់សកម្មភាពឈ្លានពាន នៅក្នុងតំបន់ដែរឬទេ? លោក John Aquilino បានសង្កត់ធ្ងន់លើភាពខ្លាំងនៃសម្ព័ន្ធភាពទ្វេភាគី និងបានកត់សម្គាល់ថាទីក្រុងតូក្យូ មានការព្រួយបារម្ភ ចំពោះការអះអាងរបស់ចិន រួមទាំងនៅជុំវិញ កោះសេនកាគូ ដែលទាមទារដោយចិន និងជប៉ុន នៅសមុទ្រចិនខាងកើត ៕ដោយ ឈូក បូរ៉ា

To Top