ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប្រទេសអូទ្រីស នឹងបោះទុន ១,៨ពាន់លានដុល្លារ បង្កើតរោងចក្រ២ នៅវៀតណាម

បរទេស៖ ក្រុមហ៊ុនផលិតបន្ទះសៀគ្វីរបស់ប្រទេសអូទ្រីស ឈ្មោះ AT&S បាននិងកំពុងសិក្សាទីតាំងជាច្រើន នៅប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រចំនួន ២ ដែលមានតម្លៃ ១,៥ ពាន់លានផោន (១,៧៨ ពាន់លានដុល្លារ) ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ផែនការនេះត្រូវបានលាតត្រដាង នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ រវាងឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំ នៅប្រទេសវៀតណាមលោក Thomas Schuller-Gotzburg, ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន AT&S លោក Ingolf Schroeder និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀនសួនភុក។

លោក Schroeder បាននិយាយថា ក្រុមហ៊ុន AT&S មានទំនុកចិត្តថា វាអាចសាងសង់អគាររបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើងសម្រាប់ បន្ទះសៀគ្វីដែលបានបោះពុម្ព។

ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្ត ទៅលើទីតាំងនៅពាក់កណ្តាលខែមេសា ហើយនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ។ លោក Schroeder បានបន្ថែមដោយរំពឹងថា នឹងបញ្ចប់ការងារក្នុងរយៈពេលមួយឆ្នាំ។

ចំណែកលោក ង្វៀន សួនភុក នាយករដ្ឋមន្រ្តី វៀតណាម បានមានប្រសាសន៍ថា រដ្ឋាភិបាលប្តេជ្ញាបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់វិនិយោគិនបរទេស ដែលធ្វើអាជីវកម្មនៅវៀតណាម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top