ព័ត៌មានអន្តរជាតិ

វៀតណាម ព្យាយាម ធ្វើពិពិធកម្មប្រភព វ៉ាក់សាំងកូវីដ១៩ ស្របពេលមាន បញ្ហាផ្គត់ផ្គង់

ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង កាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ប្រទេសវៀតណាម កាលពីថ្ងៃពុធទី២៤ ខែមីនា បានអំពាវនាវ ឱ្យមានការធ្វើពិពិធកម្ម ប្រភពជាបន្ទាន់សម្រាប់ វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំពេលមានបញ្ហាការផ្គត់ផ្គង់ ជាសកល ខណៈដែលប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ បានជំរុញទៅមុខជាមួយ នឹងកម្មវិធីចាក់ថ្នាំបង្ការរោគ ដែលបានចាប់ផ្តើមនៅដើមខែនេះ ។

រដ្ឋាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ប្រទេសវៀតណាម ត្រូវបានរងផលប៉ះពាល់ ដោយការវិវត្តដ៏ស្មុគស្មាញ នៃការឆ្លងរាតត្បាត នៃវីរុសនេះនៅលើពិភពលោក” ។

សេចក្តីថ្លែងការណ៍ដាក់ថា រដ្ឋបាលឳសថ របស់ប្រទេស វៀតណាម បានស្នើសុំឱ្យអ្នកនាំចូលព្យាយាមធានា ឱ្យបាននូវវ៉ាក់សាំង ដែលមានសុវត្ថិភាព តាមដែលអាចធ្វើទៅ បានពីប្រភពផ្សេងៗទៀត ដែលរួមមាន AstraZeneca, Pfizer, Johnson និង Johnson, Sputnik V, Moderna និង Sinovac របស់ប្រទេសចិន ។

យុទ្ធនាការចាក់វ៉ាក់សាំង របស់ប្រទេសវៀតណាម ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមីនា បានពឹងផ្អែកទាំងស្រុង ទៅលើការចាក់វ៉ាក់សាំង AstraZeneca ចំនួន១១៧.៦០០កម្រិត ដែលខ្លួនបានទទួលកាលពីខែមុន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសនេះបានអនុម័ត ការចាក់វ៉ាក់សាំង AstraZeneca និង Sputnik V សម្រាប់ប្រើប្រឆាំងនឹងជំងឺកូវីដ១៩ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top